(ព្រុចសែល)៖ អង្គការណាតូ (NATO) បានឱ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងមួយក្រុម នឹងមកបញ្ជាក់ដល់ក្រុមប្រឹក្សា នៃអង្គការណាតូ នៅថ្ងៃចន្ទ ទី២៨ ខែតុលានេះ ជុំវិញការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បក្សសម្ព័ន្ធយោធាមួយនេះ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតមកពីប្រទេសដៃគូ ក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក រួមទាំងអូស្រ្តាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ដែលជាស្ថាប័នធ្វើការសម្រេចចិត្ត ដ៏សំខាន់ របស់អង្គការណាតូ។
ចារកម្មយោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទាហានកូរ៉េខាងជើងប្រហែល ១២,០០០នាក់ រួមទាំងមន្ត្រី ៥០០នាក់ និងឧត្តមសេនីយ៍ ៣នាក់ បានទៅដល់ប្រទេសរុស្ស៉ី ហើយការបណ្តុះបណ្តាលកំពុងធ្វើឡើង នៅឯលើមូលដ្ឋានយោធាចំនួន ៥។
នៅថ្ងៃដដែលនោះ លោក ពូទីន មិនបានច្រានចោលឡើយ នូវវត្តមានទាហានកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៉ី ហើយថាវាជារឿងរបស់ទីក្រុងមូស្គូ ក្នុងការអនុវត្តសន្ធិសញ្ញាជាមួយទីក្រុងព្យុងយ៉ាង ដែលរួមបញ្ចូលនូវការពារគ្នាទៅវិញទៅមក ប្រឆាំងនឹងការឈ្លានពានពីខាងក្រៅ៕