(សៀងហៃ)៖ ប៉ូលិសនៅទីក្រុងសៀងហៃ បានដើរល្បាតតាមដងផ្លូវនានា កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីបង្ក្រាបការប្រារព្ធពិធីបុណ្យ Halloween ក្នុងទីក្រុងលំដាប់អន្តរជាតិ នៃប្រទេសចិនមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ ២០២៤។
វត្តមានប៉ូលិស ការបង្ហោះតាមអ៉ីនធឺណិតជុំវិញប្រតិបត្តិការបង្រ្កាប និងភ្លៀងធ្លាក់ឥតឈប់ឈរ ជួយកាត់បន្ថយការចូលរួមបុណ្យ Halloween នេះបានខ្លះៗ។ តែក៏មានអ្នកស្លៀកពាក់តុបតែងជាខ្មោច នៅឯសួន Zhongshan ទីក្រុងសៀងហៃ ត្រូវបានប៉ូលិស នាំខ្លួនចេញទីនោះផងដែរ។
អាជ្ញាធរក្រុង ហាក់កំពុងព្យាយាមទប់ស្កាត់មិនឱ្យដូចឆ្នាំមុន ដោយកាលណោះអ្នកចូលរួមពិធីបុណ្យ Halloween បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងសៀងហៃ ជាមួយនិងស្លៀកសម្លៀកបំពាក់បុណ្យ Halloween ដែលចំអកដល់ទីផ្សារភាគហ៊ុន ភាពគ្មានការងារធ្វើរបស់យុវជន និងគោលនយោបាយកូវីដ១៩ដ៏តឹងរ៉ឹង របស់ចិន។
គួរបញ្ជាក់ថា គ្មានការជូនដំណឹងផ្លូវការណាមួយឡើយ ពីការហាមប្រាមពិធីបុណ្យ Halloween នៅក្នុងទីក្រុងសៀងហៃ។ ប៉ុន្តែមន្ត្រីតាមសង្កាត់ បានណែនាំដល់ប្រជាជនឱ្យប្រារព្ធត្រឹមជាពិធីជួបជុំ ក្នុងក្រុមគ្រួសារ ហើយមិនលើកទឹកចិត្តមនុស្សពេញវ័យ ឱ្យស្លៀកពាក់សម្លៀកបំពាក់បុណ្យ Halloween នោះទេ៕