(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានបង្ហាញទំនុកចិត្តថា ទំនាក់ទំនងរវាងហ្វីលីពីន និងអាមេរិកនឹងនៅតែរឹងមាំ ទោះបីជាលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ខាងមុខនេះបែបណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
លោក Teodoro បានបញ្ជាក់ថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ គឺផ្អែកលើគោលដៅសន្តិសុខរួម និងការប្តេជ្ញាចិត្តក្នុងការគោរពច្បាប់អន្តរជាតិ។ លោកក៏បានរិះគន់ចិន ចំពោះ «អាកប្បកិរិយាមិនសមរម្យ» របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូងដែលបានបង្កឱ្យមានការព្រួយបារម្ភ ពីសហគមន៍អន្តរជាតិ។
លោក Teodoro បានបន្ថែមថា ភាពតានតឹងនៅក្នុងតំបន់ គឺបណ្តាលមកពីចិនដែលបានបំពានច្បាប់អន្តរជាតិ និងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ហ្វីលីពីន នឹងបន្តការពារផលប្រយោជន៍របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។
ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែវិច្ឆិកា។ លោក Teodoro បានបង្ហាញទំនុកចិត្តថា ទំនាក់ទំនងរវាងហ្វីលីពីន និងអាមេរិក នឹងនៅតែរឹងមាំ ដោយមិនគិតពីលទ្ធផល នៃការបោះឆ្នោតនោះទេ៕