(ព្រុចស៊ែល)៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា លោកអាចបញ្ជាក់បានថា ទាហានកូរ៉េខាងជើងពិតជាត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ហើយកំពុងឈរជើង នៅក្នុងតំបន់ Kursk។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
លោក Rutte បាននិយាយថា ការដាក់ពង្រាយនេះ គឺជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងអឺរ៉ុប។ លោកក៏បានព្រមានផងដែរថា ការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ និងអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។
ទន្ទឹមគ្នានេះ លោក Rutte បាននិយាយថា ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង គឺជាសញ្ញានៃ «ការកើនឡើងនៃភាពអស់សង្ឃឹម» របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ លោកបានបន្ថែមថា ទាហានរុស្ស៊ីជាច្រើនត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងសង្រ្គាម ហើយលោក ពូទីន មិនអាចបន្តសង្រ្គាមបានទេ បើគ្មានការគាំទ្រពីកូរ៉េខាងជើង។
គួរបញ្ជាក់ថា វិមានក្រឹមឡាំងបានច្រានចោលរបាយការណ៍ អំពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងថាជា «ព័ត៌មានក្លែងក្លាយ»។ ប៉ុន្តែថ្មីៗនេះ លោក ពូទីន ហាក់មិនបានបដិសេធទាំងស្រុងថា ទាហានកូរ៉េខាងជើងបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសរុស្ស៊ីនៅទេ៕