(យូអិន)៖ សហរដ្ឋអាមេរិក បានព្រមានអ៉ីរ៉ង់ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី២៨ ខែតុលា ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើ ហ៊ានបើកការវាយប្រហារជាថ្មីណាមួយប្រឆាំងអ៉ីស្រាអែល ឬកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំង១៥ប្រទេស ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនស្ទាក់ស្ទើរនោះទេ នៅក្នុងការធ្វើសកម្មភាពការពារខ្លួនឯង... សហរដ្ឋអាមេរិកមិនចង់ឱ្យជម្លោះផ្ទុះឡើងកាន់តែធំនោះទេ ហើយយើងជឿថាវាគួរតែជា ទីបញ្ចប់នៃការសងសឹកដាក់គ្នាទៅវិញទៅមករវាងអ៉ីរ៉ង់ និងអ៉ីស្រាអែល»។ ក៏ប៉ុន្តែ ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំ UN លោក Amir Saied Iravani បានចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោនថាកំពុងគប់គិតជាមួយអ៉ីស្រាអែល តាមរយៈការគាំទ្រផ្នែកយោធា។

«អ៉ីរ៉ង់ប្រកាន់ខ្ជាប់ជានិច្ចនូវការដោះស្រាយបញ្ហាតាមផ្លូវការទូត។ តែទោះជាបែបនេះក្ដី ក្នុងជារដ្ឋអធិបតេយ្យមួយ សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ រក្សាសិទ្ធគ្រប់យ៉ាង ដើម្បី ធ្វើការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាននេះ ទៅតាមពេលវេលាដែលយើងជាអ្នកសម្រេច»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN បានកោះប្រជុំកាលពីថ្ងៃចន្ទ បន្ទាប់ពីអ៉ីស្រាអែលបានបើកការវាយប្រហារលើទីតាំងយោធាលើទឹកដីអ៉ីរ៉ង់ ជាការសងសឹកទៅនឹង ការបាញ់មីស៊ីលបាលិស្ទីគជិត ២០០គ្រាប់ លើអ៉ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា។ ការវាយប្រហាររបស់អ៉ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានសម្លាប់ ទាហានអ៉ីរ៉ង់ ៤នាក់ ហើយតេហេរ៉ង់ ក៏បានព្រមានដែរថានឹងចាត់វិធានការឆ្លើយតបវិញ៕