(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅថ្ងៃអង្គារ ទី២៩ ខែតុលានេះបាននិយាយថាការកើនឡើងនៃកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង បានបង្កការគំរាមកំហែងដ៏ធំមួយដល់សន្តិសុខពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកចោទកូរ៉េខាងជើងថាបានបញ្ជូនកងទ័ព ១០ ០០០នាក់ ទៅបណ្ដុះបណ្ដាលនៅរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

«ខណៈសង្រ្គាមនៅអ៊ុយក្រែនបន្តជិតចូលដល់ឆ្នាំទី៣ កូរ៉េខាងជើងមិនត្រឹមតែបញ្ជូនអាវុធឱ្យរុស្ស៉ីប៉ុណ្ណោះទេ តែឥលូវថែមទាំងបញ្ជូនកងទ័ពទៀតផង»។ នេះជា ការគូសបញ្ជាក់របស់លោក យូន ស៊ុកយុល។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបន្ថែមថា «កិច្ចសហប្រតិបត្តិការខុសច្បាប់រវាងរុស្ស៉ី និងកូរ៉េខាងជើងនេះគឺជា ការគំរាមកំហែងសន្តិសុខដ៏ធំមួយចំពោះសហគមន៍អន្តរជាតិ ហើយអាចបង្កជាការគំរាមកំហែងដល់សនិ្តសុខជាតិរបស់យើងផងដែរ។ ដូច្នេះយើងនឹងពិនិត្យលើគ្រប់ លទ្ធភាពទាំងអស់ ក៏ដូចជាត្រៀមលក្ខណៈដើម្បីចាត់វិធានការទប់ទល់»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានចោទកូរ៉េខាងជើងថាបានបញ្ជូនកងទ័ព ១០ ០០០នាក់ ទៅបណ្ដុះបណ្ដាលនៅរុស្ស៉ី។ កូរ៉េខាងត្បូងធ្លាប់បានព្រលយ ថាខ្លួនអាចនឹងពិចារណាឡើងវិញថាតើត្រូវបញ្ជូនអាវុធដោយផ្ទាល់ទៅឱ្យអ៊ុយក្រែន ដែរឬក៏យ៉ាងណា ខណៈសម្ព័ន្ធមិត្តលោកខាងលិចទទូចឱ្យសេអ៊ូលបញ្ជូនអាវុធទៅ ឱ្យទីក្រុងកៀវ៕