(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានលើកសំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ សម្រាប់ការគាំទ្រក្នុងកិច្ចការពារជនស៉ីវិល នៅប្រទេសស៊ូដង់ ដែលកំពុងហែកហួរដោយសង្រ្គាម ប៉ុន្តែ​ថាលក្ខខណ្ឌបច្ចុប្បន្ន មិនទាន់សមស្របឱ្យដាក់​ពង្រាយ​កម្លាំង UN នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ ២០២៤។

លោក Guterres ប្រាប់សមាជិកទាំង ១៥នៃក្រុមប្រឹក្សាសន្តិសុខ ដូច្នេះថា «ប្រជាជនស៊ូដង់ កំពុងរស់នៅក្នុងសុបិន្តអាក្រក់នៃអំពើហិង្សា ដោយជនស៉ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយច្រើនរាប់មិនអស់ទៀត ប្រឈមមុខនឹងអំពើឃោរឃៅ រួមទាំងការរំលោភបំពានផ្លូវភេទ»។ លោកបានទទួលយកការអំពាវនាវរបស់ស៊ូដង់ និងពីក្រុមសិទ្ធិមនុស្ស ឱ្យចាត់វិធានការបង្កើនការការពារជនស៉ីវិល ដោយនិយាយថា មិនទាន់មានការបញ្ជូនកងកម្លាំង UN ទៅការពារជនស៉ីវិលទេ ប៉ុន្តែលោកនឹង​ពិភាក្សា​រក​វិធី​កាត់​បន្ថយ​អំពើ​ហិង្សា ហើយការពារ​ជន​ស៉ីវិលតាមរបៀបផ្សេង។

គួរបញ្ជាក់ថា សង្គ្រាម​បច្ចុប្បន្ន​បាន​បង្កើត​រលក​នៃ​អំពើ​ហិង្សា​​ លើជនជាតិ​ភាគតិច ហើយ​ត្រូវ​បានដាក់បន្ទុកលើកងកម្លាំងទាហានប៉ារ៉ា (RSF)។ ក្រុមសកម្មជននិយាយថា ទាហាន RSF បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៤នាក់ នៅភូមិមួយនៃរដ្ឋ El Gezira ក្នុងឧប្បត្តិហេតុដ៏សាហាវមួយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែ RSF បានបដិសេធធ្វើបាបជនស៉ីវិល ហើយចាត់ទុកសកម្មភាពដែលកើតឡើងនោះ ថាធ្វើទៅលើអ្នកប្រព្រឹត្តអំពើអាក្រក់។

តាមរបាយការណ៍របស់ UN មនុស្សជិត ២៥លាននាក់ ស្មើនឹងពាក់កណ្តាលប្រជាជនស៊ូដង់សរុប កំពុងត្រូវការជំនួយ ខណៈគ្រោះទុរ្ភិក្ស កំពុងកើតមានក្នុងជំរំអ្នកផ្លាស់ទីលំនៅ។ មនុស្ស ១១លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ក្នុងនោះជិត​ ៣​លាន​នាក់​​ ចាកចេញ​ទៅ​កាន់ប្រទេស​ផ្សេង​៕