(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ៉ីស្រាអែល បានដាក់ចេញនូវច្បាប់ថ្មីមួយ ដើម្បីហាមប្រាមទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ (UNRWA) ពីការធ្វើប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួន ខណៈច្បាប់នេះ ក៏នឹងប៉ះពាល់ផងដែរ ដល់ប្រតិបត្តិការ UNRWA នៅតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ ២០២៤។
សមាជិកសភាដែលតាក់តែងច្បាប់នេះ បានលើកឡើងនូវការចូលរួមរបស់បុគ្គលិក UNRWA មួយចំនួន ក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំមុន លើភាគខាងត្បូងអ៉ីស្រាអែល រួមទាំងសមាជិកភាពនៃបុគ្គលិកទីភ្នាក់ងារនេះ ក្នុងក្រុមហាម៉ាស់ ក៏ដូចជាក្រុមប្រដាប់អាវុធផ្សេងទៀត។ ច្បាប់ថ្មីនេះ អាចបង្កក្តីបារម្ភសម្រាប់ UN ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន របស់អ៉ីស្រាអែល ថានឹងធ្វើឱ្យស្ថានការណ៍មនុស្សធម៌ដ៏អាក្រក់រួចទៅហើយ នៅក្នុងតំបន់ហ្កាហ្សា កាន់តែអាក្រក់ទៅ។
លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu គូសបញ្ជាក់ថា «បុគ្គលិក UNRWA ដែលពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម ប្រឆាំងអ៉ីស្រាអែល ត្រូវតែទទួលខុសត្រូវ។ អំឡុងពេល ៩០ថ្ងៃ មុនច្បាប់នេះចូលជាធរមាន ហើយបន្ទាប់ពីពេលនោះ យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយដៃគូអន្តរជាតិ បន្តសម្របសម្រួលជំនួយមនុស្សធម៌ដល់ជនស៉ីវិល ក្នុងតំបន់ហ្កាហ្សា តាមរបៀបដែលមិនគំរាមកំហែង ដល់សន្តិសុខរបស់អ៉ីស្រាអែល»។
តាមរយៈបណ្តាញសង្គម X ប្រធាននៃទីភ្នាក់ងារ UNRWA លោក Philippe Lazzarini ចាត់ទុកចំណាត់ការបស់អ៉ីស្រាអែលថា ជាយុទ្ធនាការបន្តបង្ខូចកេរ្តិ៍ឈ្មោះ UNRWA និងប៉ះពាល់ដល់តួនាទីរបស់ UNRWA ក្នុងការផ្តល់ជំនួយមនុស្ស និងជួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន៕