(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA និងស្ថានទូតរុស្ស៉ី បានឱ្យដឹងនាថ្ងៃអង្គារនេះថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានចេញដំណើរ ឆ្ពោះមកកាន់ទីក្រុងមូស្គូ ដែលជាទស្សនកិច្ចលើកទី២ មកកាន់ប្រទេសរុស្ស៉ី ក្នុងរយៈពេលត្រឹមតែ៦សប្តាហ៍ ហើយវាចំពេលដែលក្តីបារម្ភកើនឡើង ជុំវិញការចូលរួមពាក់ព័ន្ធឋរបស់ទីក្រុងព្យុងយ៉ាង ក្នុងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤។
KCNA បានរាយការណ៍ថា គណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយលោកស្រី Choe បានចេញដំណើរមកកាន់ប្រទេសរុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការមួយ។ ចំណែក បើតាមសេចក្តីថ្លែងការណ៍ពីស្ថានទូតរុស្ស៉ីប្រចាំទីក្រុងព្យុងយ៉ាង ឯកអគ្គរដ្ឋទូតរុស្ស៉ី លោក Alexander Matsegora ក៏បានចូលរួមជូនដំណើរលោកស្រី Choe ឡើងយន្តហោះ នៅអាកាសយានដ្ឋាន ផងដែរ។
ស្ថានទូតរុស្ស៉ីបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង មកកាន់សហព័ន្ធរុស្ស៉ី គឺប្រព្រឹត្តទៅ ក្រោមក្របខណ្ឌនៃកិច្ចសន្ទនាជាយុទ្ធសាស្រ្ត ក្រោយការព្រមព្រៀងគ្នាបង្កើនចំណងទាក់ទង រវាងមេដឹកនាំនៃប្រទេសទាំងពីរ អំឡុងកិច្ចប្រជុំកំពូល កាលពីខែមិថុនា ឆ្នាំនេះ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា កិច្ចសហប្រតិបត្តិការយោធាខុសច្បាប់ រវាងរុស្ស៉ីនិងកូរ៉េខាងជើង បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោកស្រី Choe កើតមានស្របពេលដែល អង្គការ NATO បានចូលរួមជាមួយទីក្រុងសេអ៊ូល ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងកៀវ ក្នុងការអះអាងថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៉ី ក្រោមគោលបំណងជួយទីក្រុងមុស្គូប្រយុទ្ធនៅអ៊ុយក្រែន។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិអាមេរិក បាននិយាយថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពសរុបប្រហែល១០,០០០នាក់ ទៅតំបន់ភាគខាងកើតរុស្ស៉ី ដើម្បីទទួលការហ្វឹកហាត់ ខណៈកាលពីថ្ងៃពុធសប្តាហ៍មុន បានប៉ាន់ស្មានថា មានចំនួនត្រឹម៣,០០០នាក់៕