(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី២៨ ខែតុលា បាននិយាយថា រូបលោកសង្ឃឹមថា នឹងអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយប្រទេសអារ៉ាប់បន្ថែមទៀត ក្រោយពេលសង្រ្គាមប្រឆាំងក្រុមចលនាប្រដាប់អាវុធហាម៉ាសប៉ាឡេស្ទីន និងហេសបូឡាលីបង់ ដែលគាំទ្រដោយអ៉ីរ៉ង់ បិទបញ្ចប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសុន្ទរកថាមួយ ថ្លែងទៅកាន់សភាអ៉ីស្រាអែល លោក Netanyahu បានលើកឡើងថា ក្រោយពេលដែលក្រុមហាម៉ាស លែងគ្រប់គ្រងតំបន់ហ្កាហ្សា ហើយក្រុមហេសបូឡា លែងមានវត្តមាននៅកៀកព្រំប្រទល់ភាគខាងជើងអ៉ីស្រាអែលតទៀតនោះ មានកិច្ចការដ៏សំខាន់បំផុតមួយ ដែលលោកត្រូវធ្វើ គឺបន្តកិច្ចប្រឹងប្រែងដែលរូបលោកបានដឹកនាំ កាលពីប៉ុន្មានឆ្នាំមុន ស្តីពីការចុះកិច្ចព្រមព្រៀង Abraham Accords ជាប្រវត្តិសាស្រ្ត ពោលគឺសម្រេចឱ្យបានកិច្ចព្រមព្រៀងសន្តិភាព ជាមួយប្រទេសអារ៉ាប់បន្ថែមទៀត។ លោក Netanyahu បានអះអាងថា លោកជឿជាក់ថា បណ្តាប្រទេសអារ៉ាប់ ពិតជាដូចអ៉ីស្រាអែល គឺចង់ឃើញតំបន់មជ្ឈិមបូព៌ា មានស្ថិរភាព សុវត្ថិភាព និងវិបុលភាព។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០២០ ដែលត្រូវបានជួយសម្របសម្រួលដោយសហរដ្ឋអាមេរិក អ៉ីស្រាអែល បានស្តារទំនាក់ទំនងឡើងវិញ ជាមួយប្រទេសអារ៉ាប់ចំនួន៤ រួមមានអេមីរ៉ាតអារ៉ាប់រួម បារ៉ែន ម៉ារ៉ុក និងស៊ូដង់។ ចាប់តាំងពីពេលនោះ អ៉ីស្រាអែល ក្រោមការគាំទ្រពីអាមេរិក ក៏បានព្យាយាមធ្វើប្រក្រតីកម្មទំនាក់ទំនងជាមួយ ប្រទេសអារ៉ាប់ដទៃទៀត ផងដែរ ជាពិសេសអារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត ប្រកាន់ជំហរថា ខ្លួននឹងមិនទទួលស្គាល់អ៉ីស្រាអែលឡើយ ប្រសិនបើគ្មានការទទួលស្គាល់ ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយទេនោះ៕