(ហ្សាការតា)៖ យោធាជើងទឹកឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ឥណ្ឌូណេស៉ីនិងរុស្ស៉ី នឹងធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា ជាលើកដំបូងបំផុត នៅខែវិច្ឆិកា ស្របពេលដែលមេដឹកនាំថ្មីរបស់ប្រទេសអាស៊ានមួយនេះ ព្យាយាមបង្កើនចំណងទាក់ទងជាមួយ​ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាជើងទឹកឥណ្ឌូណេស៉ី បាននិយាយថា សមយុទ្ធខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅតំបន់សមុទ្រជ្វា ក្បែរមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ក្នុងទីក្រុង Surabaya។ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំឥណ្ឌូណេស៉ី លោក ​Sergey Tolchenov បានលើកឡើងថា ការធ្វើសមយុទ្ធយោធានេះ មិនមានគោលដៅ លើប្រទេសណាមួយផ្សេងឡើយ ពោលគឺ​ដើម្បីតែបង្កើនសមត្ថភាពកងទ័ពជើងទឹក នៃប្រទេសទាំងពីរប៉ុណ្ណោះ។ រុស្ស៉ីនឹងបញ្ជូននាវាចម្បាំងថ្នាក់ corvette ៣គ្រឿង នាវាផ្ទុកប្រេងធុនមធ្យម១គ្រឿង ឧទ្ធម្ភាគចក្រយោធា១គ្រឿង និងទូកសណ្តោង១គ្រឿង មកចូលរួមការធ្វើសមយុទ្ធ។

ឥណ្ឌូណេស៉ី ប្រកាន់គោលនយោបាយការបរទេស ដែលមានលក្ខណៈអព្យាក្រឹត ដោយមិនឈរនៅខាងណាមួយ ក្នុងជម្លោះអ៊ុយក្រែន ឬក្នុងការប្រកួតប្រជែងឥទ្ធិពលមហាអំណាច រវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង នោះឡើយ។ យ៉ាងណាក្តី លោក Prabowo Subianto ដែលតែទើបឡើងកាន់អំណាចជាប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី បានសន្យាថា នឹងធ្វើឱ្យឥណ្ឌូណេស៉ី បង្ហាញភាពក្លាហាន ជាងមុនលើឆាកអន្តរជាតិ ហើយកាលពីខែកក្កដា ឆ្នាំនេះ លោកបានទៅបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ ដើម្បីពិភាក្សាគ្នាជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថែមទៀតផង។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ឥណ្ឌូណេស៉ី ក៏បានចាប់ផ្តើមដំណើរការ ដើម្បីឆ្ពោះទៅក្លាយជាសមាជិក នៃក្រុមប្រទេស BRICS ដែលដឹកនាំ​ដោយរុស្ស៉ី ចិន ឥណ្ឌា ប្រេស៉ីល និងអាហ្រ្វិកខាងត្បូង ផងដែរ៕