(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិ លោក Ivan Anusic បានឱ្យដឹងថា ប្រទេសក្រូអាស៉ី គ្រោងទិញរថក្រោះ Leopard 2 A8 ចំនួន ៥០គ្រឿងពីអាល្លឺម៉ង់ ដើម្បីយកមកជំនួសរថក្រោះចាស់ៗ សល់ពីសម័យសូវៀត ហើយដែលរថក្រោះចាស់ៗទាំងនោះ នឹងត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ ២០២៤។
បន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅក្នុងទីក្រុងបែរឡាំង លោក Anusic និយាយថា ពេលទទួលបានរថក្រោះ Leopard 2 A8 ហើយ ក្រូអាស៉ី អាចប្រគល់រថក្រោះប្រយុទ្ធចំនួន ៣០គ្រឿង និងរថពាសដែកប្រយុទ្ធ ៣០គ្រឿង ទៅកាន់អ៊ុយក្រែន នៅចុងឆ្នាំ ២០២៤នេះ។
លោក Pistorius បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ ដូច្នេះថា «ពិតណាស់ ក្រូអាស៉ី កំពុងធ្វើការជាមួយយើង លើការទិញរថក្រោះ Leopard 2 A8 ដែលនឹងជួយពង្រឹងតួនាទីអាល្លឺម៉ង់ ក្នុងនាមជាប្រទេសឧស្សាហកម្ម ក៏ដូចជាធានាបាននូវស្តង់ដាររួម នៅក្នុងអង្គការណាតូ»។
តាមលិខិតផ្លូវការចុះហត្ថលេខា ដោយរដ្ឋមន្រ្តីការពារជាតិទាំងពីរ ក្រូអាស៉ី និងអាល្លឺម៉ង់ ក៏បានយល់ព្រមបញ្ជូនគ្រឿងបន្លាស់ គ្រាប់រំសេវសម្រាប់រថក្រោះ Leopard ពីឃ្លាំងស្តុករបស់ក្រូអាស៉ី ទៅកាន់អ៊ុយក្រែនផងដែរ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីអាល្លឺម៉ង់៕