(បេរូត)៖ នៅថ្ងៃអង្គារ ទី២៩ ខែតុលានេះ ក្រុមចលនាប្រដាប់អាវុធលីបង់ ហេសបូឡា បានប្រកាសឱ្យដឹងថា ខ្លួនបានជ្រើសរើស មេដឹកនាំរង លោក Naim Qassem ឱ្យឡើងធ្វើជាមេដឹកនាំកំពូលថ្មីតែម្តង បន្ទាប់ពីមេដឹកនាំមុនគឺលោក Hassan Nasrallah ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅជាយភាគខាងត្បូងរដ្ឋធានីបេរូតនៃប្រទេសលីបង់ កាលពី​១ខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមហេសបូឡា បាននិយាយថា ក្រុមប្រឹក្សា Shura របស់ខ្លួន បានសម្រេចបោះឆ្នោតជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ដោយស្រប​ទៅតាមយន្តការ ដែលត្រូវបានកំណត់ សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុមនេះ។ លោក Qassem ត្រូវបាន​តែងតាំងជាអគ្គលេខាធិការរងរបស់ហេសបូឡា តាំងតែពីឆ្នាំ១៩៩១ ដោយអតីតអគ្គលេខាធិការនៃក្រុមនេះ គឺលោក Abbas al-Musawi ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយឧទ្ធម្ភាគចក្ររបស់អ៉ីស្រាអែល នៅឆ្នាំ១៩៩២។

លោក Qassem បានបន្តកាន់តំណែងជាអគ្គលេខាធិការរងដដែល នៅពេលលោក Nasrallah បានក្លាយជាមេដឹកនាំថ្មី ហើយរូបលោក បានដើរតួជា​អ្នកនាំពាក្យឈានមុខមួយរូប របស់ក្រុមហេសបូឡា អស់រយៈពេលជាយូរណាស់ហើយ ដោយបានធ្វើបទសម្ភាសជាមួយបណ្តាញ​សារព័ត៌មានបរទេសនានា។ ចាប់តាំងពីលោក Nasrallah ត្រូវបានអ៉ីស្រាអែលសម្លាប់ លោក Qassem ធ្លាប់បានចេញមុខថ្លែងសារតាមកញ្ចក់ទូរទស្សន៍៣លើក ក្នុងនោះរួមមានកាលពីថ្ងៃទី៨ ខែតុលា ដែលលោកបាននិយាយថា ហេសបូឡាគាំទ្រចំពោះ​កិច្ចប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់នៅលីបង់ ជាមួយអ៉ីស្រាអែល។

គួរបញ្ជាក់ថា លោក Hassan Nasrallah ត្រូវបានសម្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ទៀត របស់ហេសបូឡា គឺលោក Hashem Safieddine ដែលត្រូវជាបងប្អូនជីដូនមួយរបស់លោក Nasrallah ត្រូវបានចាត់ទុកថា ជាបេក្ខជននាំមុខគេ ដើម្បីស្នងតំណែងជាមេដឹកនាំកំពូលថ្មី ប៉ុន្តែក៏ត្រូវបានសម្លាប់ដូចគ្នាផងដែរ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល នៅមួយសប្តាហ៍ក្រោយពេលនោះ៕