(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី២៩ ខែតុលានេះថា មន្ត្រីយោធាជាន់ខ្ពស់ និងកងទ័ពកូរ៉េខាងជើងមួយចំនួន ដែលត្រូវបានដាក់ពង្រាយទៅរុស្ស៉ី អាចនឹងត្រូវផ្លាស់ទៅកាន់សមភូមិជួរមុខ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សមាជិកសភាកូរ៉េខាងត្បូង មិនបានផ្តល់ពេលវេលាជាក់លាក់ទេ ប៉ុន្តែការអត្ថាធិប្បាយនេះកើតឡើង នៅពេលដែលអង្គការណាតូ បញ្ជាក់ពីការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅរុស្ស៉ី ហើយថា មានក្រុមទ័ពកូរ៉េខាងជើងខ្លះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ព្រំដែនរុស្ស៉ីជាមួយអ៊ុយក្រែន។ លោក Lee Seong-kweun សមាជិក​នៃ​គណៈកម្មាធិការ​ ស៉ើបការណ៍​សម្ងាត់​សភា ​បាន​ថ្លែងថា យោធារុស្ស៉ី កំពុងបង្រៀនវាក្យស័ព្ទយោធា (ភាសាបច្ចេកទេស) ដល់កងទ័ពកូរ៉េខាងជើង។

គួរបញ្ជាក់ថា តាមកិច្ចប្រជុំនៃគណៈកម្មាធិការ​ស៉ើបការណ៍​សម្ងាត់​សភា ក្រៅពីកងទ័ពហើយនោះ កម្មករកូរ៉េខាងជើងចំនួន ៤,០០០នាក់ ត្រូវបានបញ្ជូនទៅរុស្ស៉ី។ កូរ៉េខាងជើង ក៏ត្រៀមបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា មួយគ្រឿងផ្សេងទៀតផងដែរ ដោយមានជំនួយផ្នែកបច្ចេកវិទ្យាពីទីក្រុងមូស្គូ៕