(បេរូត)៖ ចលនាហេសបូឡា មានមូលដ្ឋាននៅក្នុងប្រទេសលីបង់ បានប្រកាសនៅថ្ងៃអង្គារ ទី២៩ ខែតុលានេះថាខ្លួនបានតែងតាំងអគ្គលេខាធិការរងគឺលោក Naim Qassem ឱ្យឡើងកាន់តំណែង ជាអគ្គលេខាធិការជំនួសលោក Hassan Nasrallah ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល នៅជាយភាគខាងត្បូងនៃទីក្រុងបេរូត កាលពីខែកញ្ញា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហេសបូឡា បានបញ្ជាក់ថាក្រុមប្រឹក្សា Shura បានបោះឆ្នោតជ្រើសរើសលោក Qassem មានអាយុ ៧១ឆ្នាំ ជាមេដឹកនាំថ្មីរបស់ខ្លួន អនុលោមតាមយន្តការដែល ត្រូវបានកំណត់ សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុម។ អង្គុយនៅខាងមុខវាំងននក្នុងពេលថ្លែងសុន្ទរកថាមួយចេញពីទីតាំងមួយដែលគេស្គាល់កាលពីថ្ងៃទី៨ ខែតុលា លោក Qassem បានលើកឡើងថាជម្លោះរវាងហេសបូឡា និងអ៉ីស្រាអែលគឺជាសង្រ្គាមមួយដែលនឹងបញ្ជាក់ថាតើនរណាត្រូវយំមុនគេ ហើយថាហេសបូឡាមិនមែនជាអ្នកត្រូវយំមុនគេនោះទេ។ ហេសបូឡានៅតែ អាចបន្តធ្វើសកម្មភាពរបស់ខ្លួន បើទោះជាមេដឹកនាំរបស់ខ្លួនត្រូវបានអ៉ីស្រាអែលផ្ដាច់ជីវិតជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែសូម្បីតែលោក Qassem ក៏ប្រហែលអាចជាគោលដៅបន្ទាប់របស់អ៉ីស្រាអែល ក៏ថាបាន។
* តើលោក Naim Qassem ជានរណា?
លោក Naim Qassem ធ្លាប់បានបង្ហាញពីការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ប្រធានរដ្ឋសភាលីបង់ លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ហេសបូឡា ក្នុងការស្វែងរកបទឈប់បាញ់ ដោយមិន បានភ្ជាប់ជាលើកដំបូងនូវកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា ជាលក្ខខណ្ឌបញ្ឈប់ការបាញ់ផ្លោងរបស់ហេសបូឡាលើអ៉ីស្រាអែលឡើយ។ លោក Qassem ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថា ជាវីដេអូមួយមានរយៈពេល៣០នាទី ដែលត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយថ្នាក់ដឹកនាំជាន់ខ្ពស់ហេសបូឡា លោក Hashem Safieddine ដែលត្រូវបានគេសន្មត់ថាជាអ្នកត្រូវឡើងស្នង តំណែងជាមេដឹកនាំហេសបូឡាថ្មីជំនួសលោក Nasrallah ត្រូវបានសម្លាប់ តែជាង១១ថ្ងៃប៉ុណ្ណោះ ក្រោយអ៉ីស្រាអែលសម្លាប់លោក Nasrallah។ ហេសបូឡា បានចេញមុខទទួលស្គាល់ថាលោក Safieddine ត្រូវបានសម្លាប់ កាលពីថ្ងៃទី២៣ ខែតុលា។
លោក Qassem ត្រូវបានតែងតាំងជាអគ្គលេខាធិការង របស់ហេសបូឡាកាលពីឆ្នាំ១៩៩១ ដោយអតីតអគ្គលេខាធិការហេសបូឡា លោក Abbas al-Musawi ដែលត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារដោយឧទ្ធម្ភាគចក្រមួយគ្រឿងរបស់អ៉ីស្រាអែល នៅឆ្នាំ១៩៩២។ លោក Qassem នៅតែបន្តកាន់តំណែងជាអគ្គលេខាធិការរងនេះ នៅពេលដែលលោក Nasrallah ឡើងកាន់តំណែង ជាអគ្គលេខាធិការ។ ចាប់តាំងពីពេលនោះមកដែរ លោកបានក្លាយជាអ្នកនាំពាក្យដ៏លេចធ្លោរម្នាក់របស់ហេសបូឡា និងបានផ្ដល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស ក្នុងពេលអ៉ីស្រាអែល និងហេសបូឡាចាប់ផ្ដើមបាញ់ផ្លោងដាក់គ្នាកាលពីឆ្នាំមុនមក។
សុន្ទរកថាតាមកញ្ចប់ទូរទស្សន៍របស់លោក Qassem កាលពីថ្ងៃទី៨ ខែតុលា គឺជាសុន្ទរកថាជាលើកទី២របស់លោក ចាប់តាំងពីជម្លោះរវាងអ៉ីស្រាអែលឡើងកម្ដៅកាលពីខែកញ្ញា។ លោក Qassem ធ្លាប់ជាសមាជិកដំបូងគេនៃថ្នាក់ដឹកនាំកំពូលៗរបស់ហេសបូឡា ដែលបានធ្វើសុន្ទរកថាតាមកញ្ចប់ទូរស្សន៍ បន្ទាប់ពីលោក Nasrallah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ អ៉ីស្រាអែលលើជាយភាគខាងត្បូងនៃរដ្ឋធានីបេរូត កាលពីថ្ងៃទី២៧ ខែកញ្ញា។ ក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី៣០ ខែកញ្ញា លោក Qassem បាននិយាយថាហេសបូឡានឹងជ្រើសរើសអ្នកបន្តវេនពី អគ្គលេខាធិការលោក Nasrallah ហើយនឹងបន្តប្រយុទ្ធជាមួយអ៉ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។
កើតនៅឆ្នាំ១៩៥៣ ក្នុងរដ្ឋធានីបេរូត និងមានគ្រួសារមានដើមកំណើតមកពីភាគខាងត្បូងនៃប្រទេសលីបង់ លោក Qassem បានចាប់ផ្ដើមធ្វើសកម្មភាពនយោបាយ ដោយចូលរួមជាមួយចលនា Shi'ite Amal Movement របស់លីបង់។ លោកបានចាកចេញពីចលនានេះក្នុងឆ្នាំ១៩៧៩ ជាឆ្នាំដែលបដិវត្តន៍អ៉ីស្លាមនៅអ៉ីរ៉ង់ផ្ទុះឡើង។ បន្ទាប់មក លោកបានចូលរួមក្នុងកិច្ចប្រជុំជាច្រើនដែលនាំទៅ រកការបង្កើតចលនាហេសបូឡាឡើង ក្រោមការគាំទ្រពីអ៉ីរ៉ង់ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៉ីស្រាអែលលើលីបង់ ក្នុងឆ្នាំ១៩៨២។
លោក Qassem ក៏ធ្លាប់កាន់តំណែងជាអ្នកសម្របសម្រួលទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតសភារបស់ក្រុមហេសបូឡាផងដែរ ចាប់តាំងពីហេសបូឡាបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត សភាលីបង់ ជាលើកដំបូងក្នុងឆ្នាំ១៩៩២។ នៅឆ្នាំ២០០៥ លោកបាននិពន្ធសៀវភៅប្រវត្តិសាស្តរបស់ហេសបូឡា។ លោកចូលចិត្តពាក់កន្សែងរុំក្បាលពណ៌ស ខុសពីលោក Nasrallah និងលោក Safieddine ដែលចូលចិត្តពាក់កន្សែងរុំក្បាលពណ៌ខ្មៅ៕