(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរី កាលពីដើមសប្តាហ៍នេះបានសម្រេចបិទការចូលប្រើប្រាស់គេហទំព័រព័ត៌មានចំនួន១០ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឆាំងនឹងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post។
ចំណាត់ការនេះធ្វើឡើងនៅមុនការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅមុនខែវិច្ឆិកា ឆ្នាំក្រោយ។
ក្រសួងមហាផ្ទៃសិង្ហបុរី (MHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គេហទំព័រទាំងនេះត្រូវបានបង្កើតឡើងដោយតួអង្គបរទេស ដែលមានបំណងផ្សព្វផ្សាយព័ត៌មានមិនពិតនិងបង្កចលាចលនៅក្នុងប្រទេស។ ពួកគេបានក្លែងបន្លំខ្លួនជាគេហទំព័រព័ត៌មានសិង្ហបុរី ហើយអត្ថបទព័ត៌មានមួយចំនួន ត្រូវបានបង្កើតឡើងដោយការប្រើប្រាស់បញ្ញាសិប្បនិម្មិត»។
រដ្ឋាភិបាលសិង្ហបុរីបានអះអាងថា ការបិទគេហទំព័រទាំងនេះគឺដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។ ក្រសួងមហាផ្ទៃសិង្ហបុរី ក៏បានព្រមានប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះព័ត៌មានមិនពិត នៅលើអ៊ីនធឺណិតផងដែរ៕