(តូក្យូ)៖ ជប៉ុនបានធ្លាក់ចូលទៅក្នុងពេលវេលាមួយនៃនយោបាយមិនច្បាស់លាស់ បន្ទាប់ពីលទ្ធផលបោះឆ្នោតសភាមុនអាណត្តិ កាលពីថ្ងៃទី២៧ ខែតុលា បានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច និងបក្សជាដៃគូរបស់ខ្លួន បានបាត់បង់អាសនៈភាគច្រើននៅក្នុងសភាជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩មក។ នៅចំពោះមុខភាពមិនច្បាស់លាស់នេះដែរ ប្រាក់យ៉េនជប៉ុនបានធ្លាក់ថ្លៃភ្លាមៗដល់កម្រិតទាបមួយមិនធ្លាប់មាន ក្នុងពេល៣ខែមកនេះ។ ចាប់ពីពេលនេះតទៅ មានរយៈពេល ៣០ថ្ងៃ សម្រាប់ឱ្យគណបក្ស LDP និងគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ (CDP) រកមធ្យោបាយរៀងៗខ្លួន ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើន ឬក៏រដ្ឋាភិបាល សំឡេងភាគតិច។
ដើម្បីអាចបង្កើតរដ្ឋាភិបាល គណបក្ស LDP ឬគណបក្សប្រឆាំងត្រូវប្រមូលឱ្យបានអាសនៈចំនួន ២៣៣ នៅក្នុងសភាជាន់ទាប។ LDP និងគណបក្ស Komeito ជាដៃគូ ទទួលបានអាសនៈ តែ ២១៥ប៉ុណ្ណោះ ខណៈគណបក្សប្រឆាំង និងសមាជិកតំណាងរាស្ត្រឯករាជ្យគ្មានបក្សនយោបាយ បូកបញ្ចូលគ្នាមាន ២៥០អាសនៈ ហើយក្នុងចំណោមបក្សទាំងនេះទៀតសោត បក្សប្រឆាំង CDP មាន១៤៨អាសនៈនៅក្នុងដៃ។
* តើនរណាជាអ្នកកំណត់អ្នកឈ្នះ ឬអ្នកចាញ់?
ក្នុងកាលៈទេសៈសព្វថ្ងៃ អ្នកដែលអាចកំណត់ថាតើនរណាជាឈ្នះ ឬចាញ់បាន នោះគឺគណបក្សនវានុវត្តន៍ជប៉ុន (Japan Innovation Party) ឬហៅជាភាសាជប៉ុនថា Ishin ដែលមាន អាសនៈសភា ៣៨កៅអី និងគណបក្សប្រជាធិបតេយ្យសម្រាប់ប្រជាជន (Democratic Party for the People) ឬ DPP ដែលមាន ២៨អាសនៈ។ មេដឹកនាំនៃគណបក្សទាំង២នេះ បានច្រានចោលគំនិតចូលរួមជាមួយក្រុមចម្រុះរបស់គណបក្ស LDP និងគណបក្ស Komeito។ ប៉ុន្តែប្រមុខបក្ស DPP លោក Yuichiro Tamaki បានបង្ហាញពីឆន្ទៈចង់ធ្វើការជាមួយ គណបក្ស LDP លើបញ្ហាផ្ទាល់ខ្លួន។ តាមពិតទៅ គណបក្ស CDP និង DPP សុទ្ធតែត្រូវបានបង្កើតឡើងចេញពីគណបក្សប្រជាធិបតេយ្យជប៉ុន (Democratic Party of Japan) ជាបក្ស តែមួយគត់ដែលធ្លាប់បានយកឈ្នះលើគណបក្ស LDP នៅក្នុងការបោះឆ្នោត។ ប៉ុន្តែ បក្សទាំង២នេះមានគោលនយោបាយខុសគ្នា។ ជាក់ស្ដែង CDP ចង់ឱ្យជប៉ុនក្លាយទៅជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយមិនពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ ខណៈ DPP ចង់ឱ្យជប៉ុនបន្តប្រើប្រាស់រោងចក្រនុយក្លេអ៊ែរ ជាផ្នែកមួយនៃថាមពលចម្រុះ។
ព្រមពេលជាមួយគ្នា លោកនាយករដ្ឋមន្ត្រី Shigeru Ishiba ក៏កំពុងស្ថិតក្នុងស្ថានភាពត្រូវធ្វើការសម្រេចចិត្តថាតើត្រូវអូសទាញអតីតសមាជិកសភា ៣រូប ដែលបានបាត់បង់ការគាំទ្រពី LDP ដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ តែសព្វថ្ងៃជាតំណាងរាស្ត្រឯករាជ្យឱ្យមកឈរនៅខាងរូបលោកដែរឬក៏យ៉ាងណា? ការធ្វើបែបនេះនឹងមិនធានាបាននូវសំឡេងភាគច្រើន ក្នុងសភានោះទេ ផ្ទុយទៅវិញវាអាចបង្កការខូចដល់ប្រជាប្រិយភាពរបស់ LDP ដែលកំពុងធ្លាក់ចុះស្រាប់។
* តើអាចមានសេណារីយ៉ូអ្វី នៅលើតុពិភាក្សា?
មេដឹកនាំគណបក្ស CDP លោក Yoshihiko Noda មានបំណងបង្កើតរដ្ឋាភិបាលដ៏រឹងមាំមួយដែលគ្រប់គ្រាន់អាចធ្វើឱ្យ LDP ខ្ទាតចេញពីអំណាច។ ប៉ុន្តែ បើរាប់ចំនួនអាសនៈ គណបក្ស LDP របស់លោក Ishiba គឺមានប្រៀបជាងគណបក្សរបស់លោក Noda នៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។ ចាប់តាំងពីបង្កើតឡើង នៅឆ្នាំ១៩៥៥ គណបក្ស LDP បានកាន់អំណាច នៅប្រទេសជប៉ុន សឹងជាប់មករហូត លើកលែងតែកាលពីចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។ LDP កន្លងមកបានបង្ហាញពីទំនោរប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅឱ្យ មេដឹកនាំនៃគណបក្សតូចមួយ ប្រសិនបើការធ្វើបែបនេះអាចឱ្យ LDP បន្តរក្សាអំណាចរបស់ខ្លួន។ ជាឧទាហរណ៍៖ កាលពីជាង៣០ឆ្នាំមុន មេដឹកនាំដឹកនាំគណបក្សសង្គមនិយម (Socialist party) លោក Tomiichi Murayama បានក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស LDP។
ប៉ុន្តែ វាអាចនៅមានសេណារីយ៉ូមួយទៀត នោះគឺគណបក្ស LDP ឬ CDP ដឹកនាំរដ្ឋាភិបាលចម្រុះសំឡេងភាគតិច ដោយមានការគាំទ្រពីគណបក្សដទៃលើគោលនយោបាយផ្ទាល់ខ្លួន។
* តើការជ្រើសរើសនាយករដ្ឋមន្ត្រីដំណើរការទៅដូចម្ដេច?
សភាទាំង២របស់ជប៉ុន នឹងត្រូវបើកសម័យប្រជុំក្នុងរយៈពេល៣០ ចាប់ពីក្រោយថ្ងៃបោះឆ្នោតសកល ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់។ នេះបើតាមរដ្ឋធម្មនុញ្ញជប៉ុន។ ប្រសិនបើគ្មាន បេក្ខជនណាម្នាក់ទទួលបានការគំាទ្រភាគច្រើនទេ នោះការបោះឆ្នោតនឹងត្រូវធ្វើឡើងរវាងបេក្ខជនមានសំឡេងគាំទ្រច្រើនជាងគេ ២រូប ហើយអ្នកឈ្នះនឹងត្រូវឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ជប៉ុន។ សភាជាន់ខ្ពស់ ដែលសព្វថ្ងៃគ្រប់គ្រងដោយគណបក្ស LDP នឹងធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់ដាច់ដោយឡែក ប៉ុន្តែការសម្រេចចិត្តរបស់សភាជាន់ទាប នឹងមានអាទិភាពខ្ពស់ជាង ក្នុងករណីសភាទាំង២ ជ្រើសរើសមនុស្សផ្សេងគ្នា។
* តើអាចនឹងមានរឿងអ្វីកើតឡើង ចំពោះលោក Ishiba?
លោក Ishiba ទើបតែបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១ ខែតុលានេះ។ ដូច្នេះភ្លាមៗ LDP ប្រហែលជាមិនចង់រៀបចំការបោះឆ្នោតសាជាថ្មីដើម្បីជ្រើសរើសមេដឹកនាំ របស់ខ្លួនជំនួសលោក Ishiba នោះទេ។ តែទោះជាបែបនេះក្ដី ពេលវេលារបស់លោក Ishiba ហាក់ដូចជាកំពុងត្រូវបានរាប់ថយក្រោយ។ ពោលបើទោះជាលោក Ishiba អាចសម្រុះសម្រួល បានកិច្ចព្រមព្រៀងណាមួយដើម្បីបន្តកាន់អំណាចក៏ដោយ ក៏លទ្ធផលមិនសមប្រកបនៅក្នុងការបោះឆ្នោតសភាមុនអាណត្តិ ដែលលោកផ្ទាល់ជាអ្នកប្រកាសរំលាយសភាដើម្បីរៀបចំ ការបោះឆ្នោតនេះ នឹងធ្វើឱ្យរូបលោកពិបាកក្នុងការជំរុញទៅមុខនូវគោលដៅនៃគោលនយោបាយរបស់លោក ក្នុងនោះរួមមានការដំឡើងពន្ធ ដើម្បីបង្កើនកញ្ចប់ថវិកាយោធា ជាដើម។
គួរបញ្ជាក់ថា នៅមុនការបោះឆ្នោតសភាមុនអាណត្តិ ការស្ទង់មតិជាច្រើនបានបង្ហាញថាគណបក្ស LDP ដែលធ្លាក់ចុះប្រជាប្រិយភាពស្រាប់ដោយសាររឿងអាស្រូវពុករលួយ នឹងបាត់បង់សំឡេងភាគច្រើន នៅក្នុងសភា។ ចំណែក អ្នកវិភាគខ្លះក៏បានចាត់ទុកផងដែរថាការបោះឆ្នោតនេះជាការដាក់ទោសមួយលើថ្នាក់ដឹកនាំរបស់ LDP៕