(ស៉ីដនី)៖ ប្រទេសអូស្រ្តាលី បានឱ្យដឹងថា ខ្លួនកំពុងជំរុញសមត្ថភាពមីស៉ីលផលិតក្នុងស្រុក ចំពេលមានក្តីបារម្ភពីការធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប (ICBM) របស់ចិន នៅក្នុងតំបន់ប៉ាស៉ីហ្វិកខាងត្បូង ហើយក៏នឹងបង្កើនឃ្លាំងស្តុកអាវុធ និងដើម្បីធ្វើការនាំចេញផងដែរ ទៅកាន់ដៃគូសន្តិសុខផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ ២០២៤។
រដ្ឋមន្រ្តីទទួលបន្ទុកឧស្សាហកម្មអាវុធ លោក Pat Conroy បាននិយាយក្នុងសុន្ទរកថា នាថ្ងៃពុធនេះថា អូស្រ្តាលី បាននិងកំពុងបង្កើនសមត្ថភាពនៃប្រព័ន្ធមីស៉ីល និងមីស៉ីលរយៈចម្ងាយឆ្ងាយ ហើយសហការជាមួយដៃគូសន្តិសុខ ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីរួមចំណែកដល់ស្ថិរភាពក្នុងតំបន់។
លោក Conroy បានប្រាប់ក្លិបអ្នកកាសែតជាតិ ក្នុងទីក្រុងកង់បេរ៉ា ដូច្នេះថា «ហេតុអ្វី យើងត្រូវការមីស៉ីលបន្ថែម? យុទ្ធសាស្រ្តប្រកួតប្រជែងរវាង សហរដ្ឋអាមេរិក និងចិន គឺឧទាហរណ៍មួយនៃបរិយាកាសសន្តិសុខ របស់អូស្រ្តាលី»។ លោកថា ឥណ្ឌូប៉ាស៉ីហ្វិក ស្ថិតក្នុងយុគនៃមីស៉ីលសម័យថ្មី ជាទីដែលមីស៉ីល ត្រូវបានប្រើប្រាស់ជាឧបករណ៍គំរាមកំហែង។
គួរបញ្ជាក់ថា អូស្រ្តាលី នឹងចំណាយលុយ ៧៤ពាន់លានដុល្លារអូស្រ្តាលី លើការទិញមីស៉ីល និងប្រព័ន្ធការពារមីស៉ីល ក្នុងរយៈពេលរាប់ឆ្នាំទៅមុខទៀតផងដែរ រួមទាំង ២១ពាន់លានដុល្លារអូស្ត្រាលី ដើម្បីផ្តល់មូលនិធិដល់សហគ្រាសផលិតអាវុធ ដែលជាសមត្ថភាពផលិតក្នុងស្រុកថ្មីមួយ របស់អូស្ត្រាលី។
កាលពីដើមខែតុលានេះ អូស្ត្រាលី ក៏បានប្រកាសកិច្ចព្រមព្រៀងតម្លៃ ៧ពាន់លានដុល្លារអូស្ត្រាលី ជាមួយសហរដ្ឋអាមេរិក ក្នុងការទិញប្រព័ន្ធមីស៉ីលទំនើប SM-2 IIIC ពីក្រុមហ៊ុន Raytheon និងមីស៉ីលរយៈចម្ងាយឆ្ងាយ SM-6 សម្រាប់បំពាក់ដល់កងទ័ពជើងទឹករបស់ខ្លួនផងដែរ៕