\(ម៉ាឌ្រីដ)៖ អភិបាលតំបន់ Valencia ប្រទេសអេស្ប៉ាញ បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃពុធ ទី៣០ ខែតុលានេះថា សាកសពមនុស្សមួយចំនួន ត្រូវបានរកឃើញនៅទីតាំង ដែលរងគ្រោះដោយទឹកជំនន់ នៅឯភាគអាគ្នេយ៍នៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្លៀងធ្លាក់ខ្លាំង ដែលបានបោកបក់ឆ្លងកាត់ភាគអាគ្នេយ៍ ប្រទេសអេស្បាញ បណ្តាលឱ្យជន់លិចផ្លូវថ្នល់ និងទីប្រជុំជននានា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយជំរុញឱ្យអាជ្ញាធរនៅក្នុងតំបន់រងគ្រោះខ្លាំង ណែនាំដល់ពលរដ្ឋឱ្យស្នាក់នៅផ្ទះ និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់។
ទីភ្នាក់ងារឧតុនិយមរដ្ឋ AEMET បានប្រកាសអាសន្នព័ណ៌ក្រហម នៅភាគខាងកើតតំបន់ Valencia ដោយកន្លែងខ្លះទទួលរងនូវភ្លៀងធ្លាក់កម្រិត ២០០មីលីម៉ែត្រ។ តាមលោក Carlos Mazon ដែលជាអភិបាលតំបន់ Valencia «មានការប្រទះឃើញសាកសពមនុស្សមួយចំនួន ប៉ុន្តែដោយការគោរពចំពោះក្រុមគ្រួសារជនរងគ្រោះ យើងនឹងមិនលម្អិតព័ត៌មាននេះ បន្ថែមទៀតទេ»។
ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា គ្រោះធម្មជាតិធ្ងន់ធ្ងរ កើតមានឡើងកាន់តែញឹកញាប់ ដោយសារតែការប្រែប្រួលអាកាសធាតុ។ អ្នកឧតុនិយមជឿជាក់ថា ការឡើងកំដៅក្នុងសមុទ្រមេឌីទែរ៉ាណេ ធ្វើឱ្យទឹកសមុទ្ររីង ជាហេតុនាំឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្លាំងក្លាផងដែរ៕