(ប៉េកាំង)៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលចិន បានលើកឡើងដោយប្រយោលថា ប្រសិនបើលោក ដូណាល់ ត្រាំ ជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នោះលោកអាចនឹងបោះបង់ចោលកោះតៃវ៉ាន់ ដ្បិតសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក គឺបានផ្តោតសំខាន់លើគោលនយោបាយ «យកអាមេរិកផ្ទាល់ជាអាទិភាពទីមួយ»។ នេះតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។
អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត អតីតប្រធានាធិបតីអាមេរិករូបនេះ ដែលឥឡូវជាបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ ធ្លាប់បានធ្វើការអត្ថាធិប្បាយប៉ុន្មានលើកថា កោះតៃវ៉ាន់ ដែលត្រូវប្រទេសចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន គួរតែបង់ថ្លៃការពារ ហើយលោកបានចោទប្រកាន់ដែនកោះនេះថា ដណ្តើមយកអាជីវកម្មបន្ទះឈីបរបស់អាមេរិក។
នៅពេលត្រូវបានសាកសួរអំពីសម្តីរបស់លោក ត្រាំ ពាក់ព័ន្ធនឹងតៃវ៉ាន់ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា ប្រជាជនតៃវ៉ាន់ដឹងយ៉ាងច្បាស់ថា អ្វីដែលសហរដ្ឋអាមេរិកតែងប្រកាន់ខ្ជាប់នោះ គឺការយកអាមេរិកខ្លួនឯងផ្ទាល់ ធ្វើជាអាទិភាពទីមួយ។ ការយកអាមេរិកធ្វើជាអាទិភាពទីមួយ ឬ American first គឺជាគោលនយោបាយ របស់លោក ត្រាំ ដែលផ្តោតលើការយកផលប្រយោជន៍អាមេរិក ជាអាទិភាពចម្បង។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ប្រជាជនតៃវ៉ាន់ក៏ដឹងដែរថា នៅពេលណាមួយ តៃវ៉ាន់ប្រហែលត្រូវប្រែក្លាយពី «កូនអុក» ទៅជា «កូនដែលត្រូវបានបោះបង់ចោល» មិនខាន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានកាតព្វកិច្ចតាមផ្លូវច្បាប់ ត្រូវផ្តល់មធ្យោបាយការពារខ្លួន ដល់កោះតៃវ៉ាន់ ទោះបីជាភាគីទាំងពីរ មិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ តៃវ៉ាន់ទទួលបានការគាំទ្រយ៉ាងរឹងមាំ ពីរដ្ឋបាលឆ្នាំ២០១៧-២០២១របស់លោក ត្រាំ ក្នុងនោះរួមមានទាំងការលក់សព្វាវុធ ដែលបានបន្តមកដល់ ក្រោមរដ្ឋបាលប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋាភិបាលអាមេរិក បានប្រកាសកញ្ចប់លក់សព្វាវុធថ្មីទៀត សម្រាប់តៃវ៉ាន់ ដែលមានតម្លៃជិត ២ពាន់លានដុល្លារ៕