(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិក បានស្នើឱ្យអ៉ីស្រាអែល ពន្យល់ពីការវាយប្រហារ លើអគារលំនៅដ្ឋានមួយកន្លែង នៅភាគខាងជើងតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ៩៣នាក់ស្លាប់ ឬបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ ២០២៤។
ក្រសួងសុខាភិបាលហ្កាហ្សា ឱ្យដឹងថា មនុស្សរាប់សិបនាក់ បានរងរបួសក្នុងការវាយប្រហារតាមអាកាស របស់អ៉ីស្រាអែល ទៅលើទីប្រជុំជន Beit Lahiya កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ លោក Miller ថាមិនអាចនិយាយពីចំនួនអ្នកស្លាប់ ជាក់លាក់បានទេ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងស្វែងរកព័ត៌មានបន្ថែម។ លោកគូសបញ្ជាក់ថា «វាជាឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត»។
ទីក្រុងវ៉ាស៉ីនតោន បានទាក់ទងមន្ត្រីអ៉ីស្រាអែល ដើម្បីបញ្ជាក់ឱ្យច្បាស់ពីអ្វីដែលបានកើតឡើង និងលើកជាសំណួរឡើងថា តើអ្វីទៅជាលទ្ធផលដែលអ៉ីស្រាអែលទទួលបាន ពីការវាយប្រហារដែលបណ្តាលឱ្យកុមារស្លាប់ជាច្រើននាក់នោះ? ហើយមិនទាន់ទទួលបានចម្លើយ ចំពោះសំណួរនោះនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីដើមខែតុលានេះ រដ្ឋបាលលោក បៃដិន បានផ្ញើលិខិតមួយច្បាប់ទៅកាន់អ៉ីស្រាអែល ឱ្យចាត់វិធានការ រយៈពេល ៣០ថ្ងៃ ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា ឬក៏ត្រូវប្រឈមនឹងការរឹតបន្តឹង លើជំនួយយោធារបស់ សហរដ្ឋអាមេរិក៕