(ប៉ារីស)៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃពុធ ទី៣០ ខែតុលាថា នាវាកងទ័ពជើងទឹកបារាំងមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងបេសកកម្មថ្មីចុងក្រោយ តាមផ្លូវទឹកជាយុទ្ធសាស្ត្រមួយនេះ ពីសំណាក់ប្រទេសលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងការពារជាតិតៃវ៉ាន់ នាវាបារាំងមិនស្គាល់អត្តសញ្ញាណ បានបើកឆ្លងកាត់ច្រកសមុទ្រ កាលពីយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ហើយឆ្ពោះទិសដៅទៅខាងជើង។ យោធា​តៃវ៉ាន់ ​មិនបាន​ត្រួត​ពិនិត្យ​នាវា​នោះទេ ដោយ​​កត់​សម្គាល់​ឃើញថា វាជាការធ្វើដំណើរធម្មតា។ ក្រសួងការពារជាតិបារាំង បានឱ្យដឹងថា នាវានោះធ្វើដំណើរទៅកាន់ដែនទឹករបស់ជប៉ុន បន្ទាប់ពីឈប់សំចតនៅហ្វីលីពីន ដើម្បីចាប់ផ្តើមការងារក្នុងដែនបេសកកម្ម របស់អង្គការសហប្រជាជាតិ (UN)។

គួរបញ្ជាក់ថា ថ្មីៗនេះ នាវាកងទ័ពជើងទឹកបារាំង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ រួមទាំងកាលពីឆ្នាំមុន ផងដែរ។ ដោយឡែក នាវាកងទ័ពជើងទឹកអាល្លឺម៉ង់ ២គ្រឿង ក៏បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីខែកញ្ញា។ កងទ័ពជើងទឹកអាមេរិក ដែលម្តងម្កាល មានអមដោយកប៉ាល់មកពីប្រទេសសម្ព័ន្ធមិត្ត បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងមួយខែម្តង៕