(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធ ទី៣១ ខែតុលាថា ប្រធានាធិបតី លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតីអាមេរិកថ្មី នាខែមករាខាងមុខ បើទោះបីជាបេក្ខជនមកពីគណបក្សណា ឈ្នះការបោះឆ្នោតក៏ដោយ។ នេះបើយោងតាមការចេញដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Jean-Pierre បានបញ្ជាក់ថា «លោកប្រធានាធិបតី ជឿជាក់លើការផ្ទេរអំណាចដោយសន្តិវិធី ហើយនោះជាអ្វីដែល អ្នកទាំងអស់គ្នានឹងបានឃើញលោកធ្វើ។ វាមិនមែនដើម្បីរូបលោកផ្ទាល់ទេ តែសម្រាប់ប្រជាជនអាមេរិកទាំងមូល»។ លោកស្រីបន្ថែមថា «លោក បៃដិន ប្រាកដជានឹងចូលរួមក្នុងពិធីចូលកាន់តំណែង របស់ប្រធានាធិបតីបន្ទាប់»

អ្នកនាំពាក្យសេវិមានរូបនេះ មិន​បាននិយាយពី​ការសម្រេចមិននៅចូលរួមរបស់ អតីតប្រធានាធិបតី លោក ដូ ណាល់ត្រាំ​ កាលពីពេលដែល លោក បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ ២០២១នោះទេ។ ប៉ុន្តែ លោក ត្រាំ និងភរិយា លោកស្រី Melania បានចាកចេញពីសេតវិមាន មុនពិធីស្បថស្បែរបស់ លោក បៃដិន ដោយរំលងប្រពៃណីស្វាគមន៍អ្នកបន្ទាប់ ដែលត្រូវមករស់នៅវិមានប្រធានាធិបតី៕