(តៃប៉ិ)៖ ព្យុះទីហ្វុង Kong-rey ដ៏មានឥទ្ធិពល បានបោកបក់លើឆ្នេរភាគខាតកើត នៃកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ នាំឱ្យមានការផ្អាកដំណើរការមួយថ្ងៃ នៅទូទាំងក្រុង-ស្រុក ដូចជាផ្សារហិរញ្ញវត្ថុ រួមទាំងជើងហោះហើររាប់រយ ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋបាលឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា ព្យុះដ៏ធំមិនធ្លាប់មានរយៈពេល ៣០ឆ្នាំ បានបោកបក់លើឆ្នេរសមុទ្រភាគខាងកើត ដែលជាតំបន់ភ្នំ និងមានប្រជាជនតិចតួច នៅចន្លោះស្រុក Taitung និង Hualien ជាមួយនិងខ្យល់បក់បោកខ្លាំង ក៏ដូចជាភ្លៀងធ្លាក់ ស្ទើរគ្រប់ទីកន្លែង។ នៅមួយផ្នែក ព្យុះទីហ្វុង Kong-rey បានចុះខ្សោយឥទ្ធិពលបន្តិច កាលពីពេញយប់ថ្ងៃពុធ ប៉ុន្តែនៅតែមានកម្លាំងខ្លាំង ស្មើនិងព្យុះប្រភេទទី ៤ ដែលមានកម្លាំងជាង ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមអ្នកព្យាករអាកាសធាតុ លោក Gene Huang បន្ទាប់ពីបោកបក់លើឆ្នេរភាគខាងកើត ព្យុះនេះនឹងឆ្ពោះទៅកាន់ ច្រកសមុទ្រតៃវ៉ាន់ ដោយចុះខ្សោយកម្លាំង។ លោកបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដោយសារតែគ្រោះថ្នាក់ នៃខ្យល់បក់ខ្លាំង។ មានការព្រមាន ពីខ្យល់បក់កម្រិតលើសពី ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងស្រុកភាគខាងកើតនៃទីក្រុង Taitung និងកោះ Lanyu មានខ្យល់បក់លើសពី ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានបង្ហោះសារលើគណនីហ្វេសប៊ុក ដូច្នេះថា «ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នា នឹងសហការបញ្ចៀសគ្រោះមហន្តរាយ ដូចជាការចៀសវាងធ្វើសកម្មភាព ដែលអាចបង្កគ្រោះថ្នាក់ ដូចជាការទៅមើលទឹករលក អំឡុងពេលមានព្យុះជាដើម»។ ទាហានចំនួន ៣៦,០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈដែលមនុស្ស ១,៣០០នាក់ត្រូវបានជម្លៀស ចេញពីតំបន់ដែលមានហានិភ័យខ្ពស់។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង៧៣នាក់បានរងរបួស នៅកោះតៃវ៉ាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុងខាងលើ។ រដ្ឋបាលឧតុនិយម ចាត់ទុក Kong-rey ជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត សម្រាប់តៃវ៉ាន់ ដែលមិនធ្លាប់មានឡើយ ចាប់តាំងពីឆ្នាំ ១៩៩៦។ តាមការព្យាករ ព្យុះនេះនឹងទៅដល់តំបន់ឆ្នេរនៃខេត្ត Fujian ​ប្រទេស​ចិន​ នៅ​ព្រឹក​ថ្ងៃ​សុក្រសប្តាហ៍នេះ៕