(អង់ការ៉ា)៖ តុលាការរបស់ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ បានបង្គាប់ឱ្យចាប់ខ្លួនអភិបាលស្រុក លោក Ahmet Ozer មកពីគណបក្សប្រឆាំង Republican People's Party (CHP) ដោយចោទប្រកាន់ថាមានទំនាក់ទំនង ជាមួយក្រុមសកម្មប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលរងក្រុងអ៉ីស្តង់ប៊ុល បានមកជំនួសតំណែង លោក Ozer លោកបន្ទាប់ពីលោកត្រូវបានចោទប្រកាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយការិយាល័យអគ្គរដ្ឋអាជ្ញាថា ជាសមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលតួកគីចាត់ទុកជាក្រុមឧទ្ទាមក្រៅច្បាប់។ ប៉ុន្តែ លោក Ozer បានច្រានចោលការចោទប្រកាន់ ពាក់ព័ន្ធនឹងអំពើភេរវកម្ម។
មេដឹកនាំបក្ស CHP លោក Ozgur Ozel និយាយថា ការចាប់ខ្លួន លោក Ozer គឺធ្វើឡើងតាមអំពើចិត្ត ហើយមានបំណង ធ្វើឱ្យខូចឆន្ទៈពលរដ្ឋ។ គណៈកម្មាធិការប្រតិបត្តិរបស់ CHP នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ នៅឯទីស្នាក់ការកណ្តាល របស់បក្ស ហើយលោក Ozel បានអំពាវនាវឱ្យអ្នកស្រុកប្រមូលផ្តុំ នៅជុំវិញស្រុក Esenyurt ដើម្បីតវ៉ាប្រឆាំងនឹង ការសម្រេចចិត្តនេះ។
គួរបញ្ជាក់ថា ដីការបស់តុលាការកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពី PKK អះអាងទទួលខុសត្រូវចំពោះការវាយប្រហារ កាលពីសប្តាហ៍មុន លើក្រុមហ៊ុនអាវុធតួកគី TUSAS ដែលបានសម្លាប់មនុស្ស ៥នាក់ នៅក្នុងទីក្រុងអង់ការ៉ា។ អស់រយៈពេល ៤ទសវត្សមកហើយ PKK បានធ្វើការបះបោរនៅភាគអាគ្នេយ៍នៃប្រទេសតួកគី ដោយមនុស្សជាង ៤០,០០០នាក់បានស្លាប់ ក្នុងជម្លោះ។ PKK ត្រូវបានចាត់តាំងជាក្រុមភេរវករ ដោយតួកគី និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន៕