(ហ្សាការតា)៖ សហគមន៍នេសាទក្នុងស្រុក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស ៦នាក់បានស្លាប់ ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ាជិត ១០០នាក់ ដែលបានធ្វើដំណើរតាមទូក ទៅដល់ខេត្តអាឆេ ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Miftach Tjut Adek ប្រធានសហគមន៍បានប្រាប់ Reutersថា អ្នកដំណើរមានចំនួន ៩៦ នាក់ ក្នុងនោះរួមមានទាំងកុមារ ៧ នាក់ បានចុះចតនៅឆ្នេរសមុទ្រក្នុងតំបន់ភាគខាងកើត នៃទីក្រុងអាឆេ។ លោកបានបន្ថែមថា «ពួកគេកំពុងរង់ចាំការសម្រេចចិត្តពីអាជ្ញាធរអំពីជោគវាសនារបស់ពួកគេ»។

កាលពីសប្តាហ៍មុន ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៣០០នាក់ ក៏បានមកដល់ខេត្តអាឆេ និងស៊ូម៉ាត្រាខាងជើងនេះផងដែរ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ជួយដល់ជនភៀសខ្លួនទាំងនេះ។

គួរបញ្ជាក់ថា នៅចន្លោះខែតុលា និងខែមេសា ជារដូវដែលសមុទ្រមានភាពស្ងប់ស្ងាត់ ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើន បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាដោយធ្វើដំណើរតាមទូក ទៅកាន់ប្រទេសជិតខាង ដូចជាថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងបង់ក្លាដែស។ ពួកគេភៀសខ្លួនដោយសារតែការរើសអើង និងការរំលោភបំពាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទិន្នន័យរបស់ UNHCR បានបង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ២,០០០នាក់ បានមកដល់ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំមុន ដែលច្រើនជាងចំនួនសរុប នៃការមកដល់ក្នុងរយៈពេល ៤ឆ្នាំមុន។ ទោះជាយ៉ាងណា ជនភៀសខ្លួនមួយចំនួនប្រឈមនឹងការបដិសេធមិនឱ្យចូលក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារតែមានការមកដល់ច្រើនពេក៕