(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា រុស្ស៊ី និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងពេលឆាប់ៗនេះ ដោយសន្ធិសញ្ញានេះនឹងរួមបញ្ចូលកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Lavrov បានប្រាប់ទូរទស្សន៍រដ្ឋថា «សន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងអ៊ីរ៉ង់ ដែលកំពុងត្រូវបានរៀបចំនឹងក្លាយជាកត្តាដ៏សំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់»។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗ ហើយរុស្ស៊ីរំពឹងថាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូមុនដំណាច់ឆ្នាំនេះ។

លោក Lavrov បាននិយាយទៀតថា សន្ធិសញ្ញានេះនឹងបញ្ជាក់ពីបំណងប្រាថ្នារបស់ភាគីទាំងពីរក្នុងការធ្វើការជាមួយគ្នា លើវិស័យការពារជាតិដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខទាំងក្នុងតំបន់ និងពិភពលោក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃសន្ធិសញ្ញានេះទេ។

ការប្រកាសនេះ ធ្វើឡើងនៅចំពេលដែលរុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលសុទ្ធតែជាប្រទេសដែលមានទំនាក់ទំនងតានតឹងជាមួយសហរដ្ឋអាមេរិក។ រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិមួយរួចហើយ កាលពីខែមិថុនា។

សហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ ពីបទផ្គត់ផ្គង់មីស៊ីលនិងដ្រូនទៅឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ទោះជាយ៉ាងណា អ៊ីរ៉ង់ និងរុស្ស៊ី បានបដិសេធការចោទប្រកាន់នេះ៕