(វ៉ាស៊ីនតោន)៖ ខណៈការផ្ដោតរបស់មនុស្សភាគច្រើននៅជុំវិញពិភពលោក លើការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ នោះគឺថាតើជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នឹងមានន័យយ៉ាងណា ចំពោះពិភពលោក? ប្រជាជនអាមេរិកជាច្រើន រួមទាំងអ្នករិះគន់ឯណោះវិញ កំពុងព្រួយបារម្ភថាតើនឹងមានអ្វីកើតឡើង ប្រសិនបើលោក ត្រាំ ទទួលបរាជ័យ។ អតីតប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋរូបនេះ ដែលនឹងត្រូវតតាំងជាមួយលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ដើម្បីដណើ្ដមកៅអីសេតវិមាន នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ មិនដែលបាន ទទួលស្គាល់ម្ដងណាឡើយថាខ្លួនបានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។

ការបដិសេធយ៉ាងជាប់លាប់របស់លោក ត្រាំ បានបង្កឱ្យមានការប្រេះឆាយ៉ាងខ្លាំងនៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក ហើយការបន្តបង្ហាញពីការមិនជឿទុកចិត្តលើប្រជាធិបតេយ្យអាមេរិក បាន និងកំពុងបង្កឱ្យមានការភ័យខ្លាចអំពីការផ្ទុះឡើងសាជាថ្មីនូវអំពើហិង្សាដូចកាលពីឆ្នាំ២០២១ ដែលក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បានសម្រុកចូលអុកឡុកវិមាន Capitol។ «ប្រសិនបើគាត់ (លោក ត្រាំ) ចាញ់នៅក្នុងឆ្នាំនេះទៀត ខ្ញុំជឿថាគាត់នឹងបន្តអះអាងថាការបោះឆ្នោតត្រូវបានលួចបន្លំ ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកែប្រែលទ្ធផលបោះឆ្នោត និងពហិការចូលរួមពិធីស្បថចូលកាន់តំណែងរបស់ លោកស្រី ហារីស»។ នេះជាការបញ្ជាក់ថារបស់លោក Donald Nieman ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់ មកពីសាកលវិទ្យាល័យ Binghamton ក្នុងរដ្ឋញូវយ៉ក ជាមួយការបន្ថែមថាលោក ត្រំា មិនត្រឹមតែមនុស្សក្រេវក្រោធនៅពេលដែលខ្លួនឯងចាញ់ប៉ុណ្ណោះទេ ប៉ុន្តែ លោកក៏ជាមនុស្សម្នាក់ដែលមិនដែលទទួលស្គាល់ថាខ្លួនឯងចាញ់ផងដែរ។

ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំនេះ លោក ដូណាល់ ត្រាំ គឺជាបេក្ខជនប្រធានាធិបតីម្នាក់ដែលជាប់ពិរុទ្ធ ក្រោមបទចោទព្រហ្មទណ្ឌ៣៤ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារអាជីវកម្ម ដើម្បីបិទបាំងការចំណាយប្រាក់សូកបំបិតមាត់អតីតតារាអាសអាភាសម្នាក់កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទជាមួយរូបលោក។ លោក ត្រាំ ក៏ធ្លាប់ត្រូវបានរដ្ឋសភាអាមេរិកដំណើរការនីតិវិធីចោទប្រកាន់ ដកតំណែងចំនួន២លើក ហើយថែមទាំងជាប់ចោទពីបទព្យាយាមកែប្រែលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០២០ ដែលលោកអះអាងថាមានការលួចបន្លំសន្លឹកឆ្នោត។ ការចោទប្រកាន់បែបនេះឯងត្រូវបាន លោក ត្រាំ និងសម្ព័ន្ធមិត្តរបស់លោកនៅតែបន្តយកទៅឃោសនាប្រាប់ប្រជាជនអាមេរិក។

* ​កុបកម្មហិង្សា
ក្រុមអ្នករិះគន់លោក ដូណាល់ ត្រាំ បានបង្ហាញការព្រួយបារម្ភពីការផ្ទុះឡើងសាជាថ្មីនូវអំពើហិង្សានៅឯវិមាន Capitol ដែលកើតចេញពី «ពាក្យលួចបន្លំសន្លឹកឆ្នោត»។ អំពើហិង្សានៅពេលនោះបាន រាលដាលទៅជាកុបកម្មដ៏ហិង្សា ដោយសារតែអ្នកគាំទ្រពោរពេញដោយកំហឹងមួយចំនួនដែលលោក ដូណាល់ ត្រាំ បានកោះហៅពួកគេឱ្យមកជួបជុំគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន តាមរយៈការអះអាងថា រូបលោកចាញ់ ក៏ព្រោះតែមានការលួចបន្លំសន្លឹកឆ្នោត បានសម្រុកចូលអុកឡុកវិមាន Capitol ដើម្បីរារាំងកុំឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក ប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន។ ចាប់តាំងពីពេលនោះមក «ពាក្យលួចបន្លំសន្លឹកឆ្នោត» នេះបានក្លាយជាពាក្យនិយាយធម្មតារបស់លោក ត្រាំ និងសម្ព័ន្ធមិត្តរបស់លោក។ ជាក់ស្ដែង ថ្លែងទៅកាន់អ្នកគាំទ្រអំឡុងធ្វើយុទ្ធនាការឃោសនា បោះឆ្នោតក្នុងរដ្ឋ Michigan កាលពីខែកញ្ញាកន្លងទៅ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ប្រសិនបើខ្ញុំចាញ់ នោះក៏ព្រោះតែពួកគេលួចបន្លំ។ នេះគឺជាមធ្យោបាយតែមួយគត់ដែលអាចធ្វើឱ្យ ពួកយើងចាញ់ ដោយសារតែពួកគេលួចបន្លំ»។

ការបង្ហាញការព្រួយបារម្ភដោយគ្មានមូលដ្ឋានបែបនេះត្រូវបានលោក ដូណាល់ ត្រាំ យកមកប្រើសាជាថ្មី ពាក់ព័ន្ធនឹងការសង្ស័យពីភាពស្របច្បាប់នៃការរាប់សន្លឹកឆ្នោត ការបោះឆ្នោតពីជនបរទេស និងភាពគួរឱ្យជឿទុកចិត្តបាននៃការបោះឆ្នោតតាមប្រៃសនីយ៍។ អតីតប្រធានាធិបតីវ័យ៧៨ឆ្នាំរូបនេះ និងសម្ព័ន្ធមិត្ត ត្រូវបានក្រុមអ្នករិះគន់ចោទថាបានរៀបចំកុបកម្មកាលពីឆ្នាំ២០២១ តាមរយៈ មធ្យោបាយច្បាប់ ដោយមានពាក្យបណ្ដឹងជាង ៦០ ត្រូវបានដាក់ដើម្បីតវ៉ាប្រឆាំងនឹងមធ្យោបាយដែលរដ្ឋ និងអាជ្ញាធរក្នុងតំបន់បានផ្លាស់ប្ដូរនីតិវិធីបោះឆ្នោត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ នៅពេលនោះ។

ប៉ុន្តែ ពាក្យបណ្ដឹងទាំងនេះត្រូវបានបដិសេធចោលទាំងអស់ ដោយសាលក្រមរបស់ចៅក្រមបានសម្រេចថាការបដិសេធទៅនឹងនីតិវិធីរៀបចំការបោះឆ្នោតគួរតែធ្វើឡើង ឱ្យបានមុនថ្ងៃបោះឆ្នោត។ នៅលើកនេះវិញ ក្រុមអ្នកសាធារណរដ្ឋបានដាក់ពាក្យបណ្ដឹងជាង១០០ នៅមុនថ្ងៃបោះឆ្នោត ទាក់ទិននឹងទិដ្ឋភាពទាំងមូលនៃការបោះឆ្នោត ក្នុងនោះរួមមានទាំងរបៀបដែលប្រជាជនអាមេរិក ត្រូវចុះឈ្មោះបោះឆ្នោតជាដើម។ ភាគច្រើននៃពាក្យបណ្ដឹងទាំងនេះគឺមានគោលបំណងរឹតត្បិតការចូលទៅកាន់ការិយាល័យបោះឆ្នោត តែពាក្យបណ្ដឹងភាគច្រើនលើសលុបនឹងមិនត្រូវបានដោះស្រាយ ឱ្យបានមុនថ្ងៃបោះឆ្នោត នោះឡើយ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញបាននិយាយថានេះជាវិធីសាស្ត្រធ្វើឱ្យមានការមិនទុកចិត្តលើការរាប់សន្លឹកឆ្នោតដែលលោក ត្រាំ និងអ្នកចូលចិត្តទ្រឹស្តីគ្មាន មូលដ្ឋាន បានចំណាយពេលជាច្រើនឆ្នាំមកនេះដើម្បីសាបព្រោះ។

* ហិង្សាទូទាំងប្រទេស
លោកស្រី Adrienne Uthe ជាអ្នកវិទ្យាសាស្ត្រនយោបាយ និងជាស្ថាបនិកស្ថាប័ន PR firm Kronus Communications បាននិយាយថា «ការតតាំងតាមផ្លូវច្បាប់អាចនឹងចាយពេលច្រើនសប្ដាហ៍ ហើយ វាអាស្រ័យទៅលើទំហំនៃសកម្មភាពជាក់ស្ដែង ដែលអាចនឹងបង្កទៅជាការតវ៉ា ឬក៏អំពើហិង្សារប៉ាត់រប៉ាយនៅតាមតំបន់ផ្សេងៗ»។ ការស្ទង់មតិមួយធ្វើឡើងដោយស្ថាប័ន Scripps News/Ipsos កាលពីពេលថ្មីៗនេះបានរកឃើញថាជិត ២ភាគ៣ នៃប្រជាជនអាមេរិករំពឹងថាអាចនឹងមានអំពើហិង្សានៅក្រោយការបោះឆ្នោត ហើយភាគច្រើននៅក្នុងចំណោមពួកគេគាំទ្រឱ្យប្រើប្រាស់កម្លាំងយោធា​ដើម្បីទប់ស្កាត់ភាពចលាចល នៅក្រោយការិយាល័យបោះឆ្នោតបើកទ្វារនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។

បើតាមការស្ទង់មតិដាច់ដោយឡែកមួយទៀត របស់ស្ថាប័ន YouGov poll ប្រជាជនអាមេរិក ១ភាគ៤ ជឿថាសង្រ្គាមស៊ីវិលអាចនឹងផ្ទុះឡើង ខណៈ១២ភាគរយនិយាយថាអាចនឹងមានអ្នកកាន់អាវុធ បះបោរ ប្រសិនបើពួកគេជឿថាលោក ត្រាំ ត្រូវបានគេលួចបន្លំ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានលើកឡើងនូវក្ដីកង្វល់ពីលទ្ធភាព ដែលការបង្ហូរឈាមអាចនឹងកើតឡើង នៅក្នុងរបាយការណ៍ មួយស្ដីពីការគំរាមកំហែងដល់ការបោះឆ្នោតបង្កឡើងដោយបរទេស ដែលត្រូវបានចេញផ្សាយថ្មីៗនេះដោយការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ។ «ការជំរុញពីបរទេស ឬការកើនឡើង បាតុកម្មតវ៉ាដ៏ហិង្សា អំពើហិង្សា និងការគំរាមកំហែងដល់រូបរាងកាយ...អាចនឹងក្លាយជាបញ្ហាប្រឈមមួយធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់រដ្ឋ និងក្រុមមន្ត្រីក្នុងតំបន់ ក្នុងការដឹកនាំកិច្ចការបញ្ជាក់ទទួល ស្គាល់លទ្ធផលបោះឆ្នោត និងដំណើរការនៃប្រព័ន្ធបោះឆ្នោត Electoral College»។ នេះបើតាមរបាយការណ៍របស់ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក។

គួរបញ្ជាក់ថា វិធានការសន្តិសុខជាច្រើនត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ត្រៀមសម្រាប់ភាពចលាចលជាយថាហេតុណាមួយ បើទោះជាក្រុមអ្នកវិភាគយល់ថាអំពើហិង្សា ដូចកាលពីឆ្នាំ២០២១ ទំនងជានឹងមិនកើតឡើងក៏ដោយ។ ប៉ុន្តែ ពួកគេនៅតែព្រមានពីលទ្ធភាពដែលអំពើហិង្សាអាចកើតឡើងនៅក្នុងរដ្ឋ Swing States ទាំងអំឡុង និងក្រោយការបោះឆ្នោត។ «ការព្រួយបារម្ភដ៏ធំរបស់ខ្ញុំ នោះគឺអាចនឹងផ្ទុះអំពើហិង្សាក្នុងទីក្រុង Madison នៃរដ្ឋ Wisconsin ទីក្រុង Lansing នៃរដ្ឋ Michigan ឬទីក្រុង Harrisburg នៃរដ្ឋ Pennsylvania ដោយក្រុមអ្នកគាំទ្រប្រដាប់ដោយអាវុធរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានចាត់តាំងឱ្យបង្ការ ឬរារាំងអង្គបោះឆ្នោតកុំឱ្យទម្លាក់សន្លឹកឆ្នោតរបស់ពួកគេចូលហិបឆ្នោត»។ នេះជាការគូសបញ្ជាក់របស់លោក Nieman៕