(រីយ៉ាទ)៖ អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយចំនួនដែលខ្លួនកំពុងចរចា ជាមួយសហរដ្ឋអាមេរិក មិនមានជាប់ពាក់ព័ន្ធទៅនឹងការធ្វើឱ្យមានលក្ខណៈធម្មតានៃទំនាក់ទំនងជាមួយអ៊ីស្រាអែលទេ ហើយកិច្ចព្រមព្រៀងទាំងនោះកំពុងដំណើរការទៅមុខយ៉ាងលឿន។នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅលើឆាកក្នុងសន្និសីទវិនិយោគមួយក្នុងរាជធានីរីយ៉ាទ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា «កិច្ចព្រមព្រៀងដ៏មានសក្តានុពលរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត អំពីពាណិជ្ជកម្មនិងបញ្ញាសិប្បនិមិត្ត គឹមិនជាប់ពាក់ព័ន្ធជាមួយភាគីទីបីណាមួយទេ ហើយវាដំណើរការបានលឿនទៅមុខ»

ព្រះអង្គម្ចាស់បានបន្ថែមថា «កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិសំខាន់ៗមួយចំនួនមានភាពស្មុគស្មាញជាងនេះ។ យើងពិតជាស្វាគមន៍ឱកាសមួយដើម្បីបញ្ចប់វាមុនពេលបញ្ចប់អាណត្តិរបស់រដ្ឋបាល Biden ប៉ុន្តែវាពឹងផ្អែកលើកត្តាផ្សេងទៀតដែលនៅក្រៅការគ្រប់គ្រងរបស់យើង»

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកកំពុងសម្លឹងមើលទៅលើសំណុំនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ សន្តិសុខ និងការពារជាតិ ដែលដើមឡើយជាផ្នែកមួយ នៃកិច្ចព្រមព្រៀងធ្វើឱ្យប្រក្រតីភាពទំនាក់ទំនង រវាងទីក្រុងរីយ៉ាទនិងអ៊ីស្រាអែល។ ទោះជាយ៉ាងណា អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនទទួលស្គាល់អ៊ីស្រាអែល ដោយគ្មានរដ្ឋប៉ាឡេស្ទីននោះឡើយ៕