(វ៉ាស៉ីនតោន)៖ ដោយមើលឃើញពីសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា និងលីបង់ ប្រទេសអ៉ីរ៉ាក់ កំពុងធ្វើការដើម្បីចៀសវាងធ្លាក់ចូលក្នុងជម្លោះ ដែលកំពុងកើនឡើង ខណៈក្រុមចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ គ្រោងបើកការវាយប្រហារលើអ៉ីស្រាអែល ចេញពីទឹកដីអ៉ីរ៉ាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

អ៉ីរ៉ាក់ មិនមានទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែលទេ ហើយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Mohammed Shia al-Sudani ប្រុងប្រយ័ត្នណាស់ចំពោះជម្លោះក្នុងតំបន់ ដែលអាចប៉ះពាល់តុល្យភាពនៃទំនាក់ទំនងរបស់ខ្លួន ទាំងជាមួយទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់។ តាមគេហទំព័រព័ត៌មាន Axios ចារកម្មអ៉ីស្រាអែលរកឃើញថា អ៉ីរ៉ង់កំពុងរៀបចំវាយប្រហារអ៉ីស្រាអែល ចេញពីទឹកដីអ៉ីរ៉ាក់ នៅប៉ុន្មានថ្ងៃខាងមុខ ដែលប្រហែលជាមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ថ្ងៃទី៥ ខែវិច្ឆិកា។ ជុំវិញសេចក្តីរាយការណ៍នេះ អ៉ីរ៉ាក់ នៅមិនទាន់បញ្ជាក់ជាផ្លូវការនោះទេ។

កន្លងមក រដ្ឋាភិបាលលោក Sudani មិនទទួលបានជោគជ័យឡើយ ក្នុងការជំរុញក្រុមចលនាប្រដាប់អាវុធ គាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់ ឱ្យបញ្ឈប់ការបាញ់រ៉ុក្កែត និងយន្តហោះដ្រូន ទៅកាន់អ៉ីស្រាអែល។ បញ្ហានេះ ក៏បានធ្វើឱ្យមានការបែងចែកផងដែរ នៅក្នុងគណបក្សកាន់អំណាចរបស់អ៉ីរ៉ាក់ ខណៈដែលអ្នកខ្លះអាណិតអាសូរចំពោះបុព្វហេតុប៉ាឡេស្ទីន ហើយចាត់ទុកអ៉ីស្រាអែលជាសត្រូវ ទោះជាមានការខ្វែងគំនិតគ្នា អំពីរបញ្ហាដែលអ៉ីរ៉ាក់ អាចធ្លាក់ចូលទៅក្នុងការប្រឈមមុខដាក់គ្នា ក្នុងតំបន់ក៏ដោយ។

គួរបញ្ជាក់ថា ២ ទសវត្សរ៍ក្រោយសហរដ្ឋអាមេរិក ដឹកនាំកងទ័ពកម្ចាត់មេដឹកនាំ លោក Saddam Hussein ប្រទេសអ៉ីរ៉ាក់ កំពុងមានស្ថិរភាពឡើងវិញខ្លះៗ ជាមួយនិងប្រាក់ចំណូលខ្ពស់ពីការលក់ប្រេង ហើយបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ភាគច្រើនរបស់ប្រទេស៕