(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្សយ៉ាងហោចម្នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យធំមួយ នៅឯរោងចក្រផលិតប្រេងចម្អិនម្ហូបមួយកន្លែង ក្បែររដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី ខណៈរថយន្តពន្លត់អគ្គិភ័យ២០គ្រឿង ត្រូវបានប្រើប្រាស់ ដើម្បីព្យាយាមគ្រប់គ្រង និងពន្លត់គ្រោះអគ្គិភ័យធំសម្បើមនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការផ្សាយរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុក បានបង្ហាញឱ្យឃើញ អណ្តាតភ្លើងសន្ធោសន្ធៅ និងផ្សែងខ្មៅហ៊ុយឡើងខ្ពស់ទៅលើ ចេញពីទីតាំងរោងចក្រកើតហេតុ ដែលស្ថិតក្នុងទីក្រុង Bekasi ជាទីក្រុងមួយស្ថិតនៅជាយភាគខាងកើត នៃរដ្ឋធានីហ្សាការតា។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន ផ្លូវនានាដែលនៅជុំវិញរោងចក្រនោះ ត្រូវបានបិទជាបណ្តោះអាសន្ន។ ភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រាប់ Reuters ឱ្យដឹងថា សាកសពមនុស្សម្នាក់ ត្រូវបានប្រទះឃើញ នៅកន្លែងកើតហេតុ។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរឥណ្ឌូណេស៉ី រោងចក្រដែលរងការឆាបឆេះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុន PT Primus Sanus Cooking Oil Industrial ហៅកាត់ Priscolin៕