(ប៉េកាំង)៖ ដោយមិនអើពើនឹងការប្រឆាំងពីគ្រប់ភាគី គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយព័ត៌មាន នៅថ្ងៃទី២៩ខែតុលាតាមម៉ោងក្នុងតំបន់ ដោយសម្រេចចិត្តថា នឹងយកពន្ធប្រឆាំងឧបត្ថម្ភធនចុងក្រោយរយៈពេល៥ឆ្នាំ ចំពោះរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ចាប់ពីថ្ងៃទី៣១ខែតុលាតទៅ។ ចំពោះលទ្ធផលនេះ ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា មិនទទួលស្គាល់និងមិនទទួលយក ហើយបានដាក់ពាក្យបណ្ដឹង ក្រោមយន្តការដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក។

ហេតុអ្វីបានជាភាគីចិន“មិនទទួលស្គាល់និងមិនទទួលយក”? នេះគឺដោយសារតែទង្វើគ្រប់យ៉ាងរបស់ភាគីអឺរ៉ុបគឺ "មិនសមហេតុផលនិងមិនស្របតាមការកំណត់" គឺជាការអនុវត្ត "ការប្រកួតប្រជែងមិនស្មើភាព" ក្រោមស្លាក "ការប្រកួតប្រជែងដោយស្មើភាព" និងអនុវត្តគាំពារនិយមផ្នែកពាណិជ្ជកម្ម។ ទង្វើនេះនឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ កិច្ចសហប្រតិបត្តិការ ខាងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិននិងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យអ្នកប្រើប្រាស់អឺរ៉ុប ចំណាយប្រាក់កាន់តែច្រើន បំពុលបរិយាកាសវិនិយោគរបស់ សហភាពអឺរ៉ុប និងជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការ ធ្វើបដិវត្តកម្មបៃតងរបស់ខ្លួន គឺជាទង្វើបំផ្លាញផលប្រយោជន៍ ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ។

បើមើលពីស្រទាប់សេដ្ឋកិច្ច ជាបឋម គឺបង្ខូចដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ នៃឧស្សាហកម្មរថយន្ត ក៏ដូចជាផលប្រយោជន៍ របស់សហគ្រាសផលិតរថយន្ត និងអ្នកប្រើប្រាស់របស់អឺរ៉ុប។ ធនាគារគំនិត Rhodium របស់អាមេរិកបានលើកឡើងថា ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តសកលបានធ្វើការកែសម្រួល ដើម្បីសម្របខ្លួនទៅតាមបច្ចេកវិទ្យាថ្មីៗ ហើយការដាក់កំហិតលើ ការនាំចូលរថយន្តអគ្គិសនីរបស់ចិន នឹងធ្វើឱ្យអឺរ៉ុបបាត់បង់ឱកាសសំខាន់ៗ ក៏ដូចជាអាចនឹងរារាំងការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន។ ក្រុមហ៊ុន BMW គ្រុបបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍ថា ទង្វើរបស់សហភាពអឺរុបមិនអាចបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានទេ ផ្ទុយទៅវិញ វានឹងធ្វើឱ្យខូចខាតដល់សហគ្រាស ដែលធ្វើអាជីវកម្ម នៅទូទាំងពិភពលោក។

លើសពីនេះទៀត ទង្វើរបស់សហភាពអឺរុបក៏នឹងធ្វើឱ្យខូចខាតដល់ ការធ្វើបដិវត្តកម្មបៃតងរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុសកលផងដែរ។ នាពេលបច្ចុប្បន្ន សហភាពអឺរ៉ុបបានកំណត់គោលដៅ សម្រាប់រដ្ឋសមាជិកចំនួន២៧ខ្លួនស្តីពីការសម្រេចបាន នូវការកាត់បន្ថយការបញ្ចេញកាបូន៥៥ភាគរយ នៅឆ្នាំ២០៣០និងសម្រេចបាន នូវការបញ្ចេញកាបូនសូន្យនៅឆ្នាំ២០៥០។ ប៉ុន្តែដោយសារការច្នៃប្រឌិតថ្មីមិនគ្រប់គ្រាន់ និងការចំណាយខ្ពស់ជាដើម ដំណើរការធ្វើបដិវត្តកម្មបៃតងរបស់សហភាពអឺរុប ត្រូវបានរារាំង។ មជ្ឈដ្ឋានឧស្សាហកម្មរថយន្ត យល់ឃើញថា ប្រទេសចិនមានបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលទាក់ទិននឹងការអភិវឌ្ឍបៃតង ប្រសិនបើសហភាពអឺរ៉ុបផ្តាច់ ទំនាក់ទំនងជាមួយប្រទេសចិន ក្នុងវិស័យរថយន្តអគ្គិសនី នោះនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ទង្វើរបស់សហភាពអឺរ៉ុបនេះនឹងធ្វើឱ្យភាពបែកបាក់គ្នាផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរ និងបង់តម្លៃខាងនយោបាយ។ នាពេលបច្ចុប្បន្ននេះ អឺរុបប្រឈមនឹង បញ្ហាជាច្រើន ដូចជាអតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខថាមពល ការងើបឡើងនៃកម្លាំងពួកស្តាំនិយម និងភាពប្រេះស្រាំក្នុងសង្គមកាន់តែធ្ងន់ធ្ងរ។ ជុំវិញការដំឡើង ពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិន នៅផ្ទៃក្នុងសហភាពអឺរ៉ុបមានការខ្វែងគំនិត។ លោក Orban នាយករដ្ឋមន្រ្តីហុងគ្រី និងលោក Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ បានលើកឡើងម្តងហើយម្តងទៀតថា ទង្វើនេះនឹងធ្វើឱ្យខូចខាតដល់កម្លាំង ប្រកួតប្រជែងផ្ទាល់ខ្លួនរបស់សហភាពអឺរុប។ លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់ បានលើកឡើងថា "យើងគួរជៀសវាងកុំចូលទៅក្នុងវដ្តដ៏អាក្រក់ នៃការតម្លើងពន្ធគយនិងធ្វើឱ្យ វិវាទពាណិជ្ជកម្មកាន់តែខ្លាំងឡើង"។

អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា ភាគីអឺរ៉ុបបានថ្លែងថា នឹងបន្តធ្វើកិច្ចចរចាជាមួយប្រទេសចិន ស្តីពីកិច្ចសន្យាខាងតម្លៃ។ជានិច្ចកាល ភាគីចិនតែងតែផ្តួចផ្តើមឱ្យដោះស្រាយ វិវាទពាណិជ្ជកម្ម តាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ហើយសង្ឃឹមថា សហភាពអឺរុបនឹងដើរស្របតាមទិសដៅដូចគ្នាជាមួយចិន គិតគូរពីទុក្ខកង្វល់រៀងៗខ្លួន និងឈានដល់ដំណោះស្រាយ ដែលភាគីទាំងពីរ សុទ្ធតែអាចទទួលយកបានក្នុងពេលឆាប់ៗ។ ពួកគេត្រូវស្តាប់សំឡេងប្រកបដោយវិចារណញ្ញាណ នៅផ្ទៃក្នុង និងការទាមទារ ពិតប្រាកដរបស់សហគ្រាស៖ "យើងមិនត្រូវការពន្ធគយទេ យើងត្រូវការក្បួនច្បាប់ពាណិជ្ជកម្មដ៏យុត្តិធម៌"៕

វិទ្យុមិត្តភាពកម្ពុជាចិន