(ព្យុងយ៉ាង)៖ នាថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយសៀវភៅសមួយ ដែលចោទប្រកាន់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិងកំពុងធ្វើឱ្យប្រទេសកូរ៉េខាងត្បូង ប្រឈមហានិភ័យសង្រ្គាមនុយក្លេអ៊ែរ ដោយសារគោលនយោបាយរបស់លោក ចំពោះប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ឯកសារខាងលើដែលចងក្រងដោយ វិទ្យាស្ថានសិក្សារដ្ឋសត្រូវរបស់កូរ៉េខាងជើង និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរិះគន់ចំពោះ ការណ៍ដែលលោក Yoon តែងធ្វើការអត្ថាធិប្បាយយ៉ាងធ្វេសប្រហែល ស្តីអំពីសង្រ្គាម, បោះបង់ចោលចំណុចផ្សេងៗ នៅក្នុងកិច្ចព្រមព្រៀងអន្តរកូរ៉េ, ចូលរួមរៀបចំផែនការសង្រ្គាមនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងព្យាយាមស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយជប៉ុន និងអង្គការ NATO។
សៀវភៅសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា សកម្មភាពខុសធ្ងន់ធ្ងរទាំងអស់នេះរបស់កូរ៉េខាងត្បូង បានបង្ខំឱ្យកូរ៉េខាងជើង ត្រូវប្រឹងប្រែងបង្កើនចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងសន្ទុះយ៉ាងឆាប់រហ័ស ហើយព្យាយាមអភិវឌ្ឍឱ្យខ្លាំងថែមទៀត នូវសមត្ថភាពវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា លោក Yoon ដែលជាអ្នកនយោបាយអភិរក្សនិយម បានប្រកាន់ជំហរយ៉ាងរឹងមាំប្រឆាំងកូរ៉េខាងជើង ផ្ទុយពីអតីតប្រធានាធិបតី លោក Moon Jae-in។ រដ្ឋបាលលោក Yoon បានទម្លាក់កំហុសលើកូរ៉េខាងជើង សម្រាប់ការកើនឡើងភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយសារតែការធ្វើតេស្តសព្វាវុធឥតឈប់ឈរ។ ទីក្រុងព្យុងយ៉ាង បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងអន្តរកូរ៉េ ចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសចាត់ទុក កូរ៉េខាងត្បូង ជាសត្រូវចម្បង ហើយបាននិយាយថា ការបង្រួបបង្រួមគ្នា គឺលែងអាចទៅរួចទៀតហើយ៕