(ប៉េកាំង)៖ ថ្ងៃទី ៣០ ខែតុលា តាមម៉ោងក្នុងតំបន់ ការបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ កម្មវិធីគុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាង ២០ រួមទាំង "ផ្លូវទៅកាន់វិបុលភាព" នឹងត្រូវចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ របស់ប្រទេសប៉េរូជាបន្តបន្ទាប់។

លោក Gustavo Adrianson ប្រធានទីស្តីការគណៈរដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃប្រទេសប៉េរូ បានថ្លែងថា ប្រទេសប៉េរូ និងប្រទេសចិន គឺជាប្រទេសមានអរិយធម៌បុរាណ និងមានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជន។ ខ្ញុំពិតជារីករាយណាស់ដែលបានមើលឃើញ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបាននាំយកមក នូវភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនជាច្រើន សម្រាប់ចាក់ផ្សាយជូនទស្សនិកជនប៉េរូ ដែលនឹងលើកកម្ពស់បន្ថែមទៀតនូវមិត្តភាព និងការយល់ដឹងពីគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយ ប្រព័ន្ធផ្សព្វផ្សាយប៉េរូ ដើម្បីរៀបចំការបង្ហាញនិងចាក់ផ្សាយភាពយន្ត និងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់លើកនេះ ក្នុងគោលបំណងអនុវត្តយ៉ាងសកម្ម នូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពចិន-ប៉េរូ ឱ្យចាក់ឫសយ៉ាងជ្រៅ ក្នុងដួងចិត្តរបស់ប្រជាជន ហើយជំរុញឱ្យមិត្តភក្តិប៉េរូមានការយល់ដឹងកាន់តែទូលំទូលាយ អំពីប្រទេសចិនដែលជា ប្រទេសមួយដ៏គួរឱ្យទុកចិត្ត គួរឱ្យស្រឡាញ់ និងគួរឱ្យគោរពក្នុងយុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន