(វ៉ាស៉ីនតោន)៖ ក្រុមស៉ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលអាមេរិក បាននិយាយថា ពួកគេសង្កេតឃើញថា រុស្ស៉ីកំពុងធ្វើការដើម្បីបញ្ជ្រាបថែមទៀត ជុំវិញសុចរិតភាពនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលមានបំណងបំផ្លាញទំនុកចិត្ត និងបង្កការបែកបាក់គ្នាក្នុងចំណោមជនជាតិអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។
សេចក្ដីថ្លែងការណ៍រួមរបស់ FBI ការិយាល័យនាយកស៉ើបការណ៍ជាតិ និងទីភ្នាក់ងារសន្តិសុខអ៉ីនធឺណិត បានលើកឡើងដូច្នេះថា «Intelligence Community ឬសហគមន៍ស៉ើបការណ៍ បានទាយទុកជាមុនហើយថា សកម្មភាពទាំងនេះ នឹងកាន់តែខ្លាំងក្លាឡើង នៅអំឡុងថ្ងៃបោះឆ្នោត និងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ហើយការនិទានរឿងពីសំណាក់បរទេស នឹងផ្តោតក្នុងរដ្ឋ swing states»។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ក្រុម influencer របស់រុស្ស៉ី ក៏បានផលិតវីដេអូថ្មីៗ ដែលជាបទសម្ភាសន៍ក្លែងក្លាយ ជាមួយបុគ្គលដែលចោទថា មានការក្លែងបន្លំក្នុងការបោះឆ្នោត នៅរដ្ឋ Arizona។ ការណ៍នេះ ចង់សំដៅថាការបង្កើត សន្លឹកឆ្នោតក្លែងក្លាយ ពីក្រៅប្រទេស និងការផ្លាស់ប្តូរសន្លឹកឆ្នោត ដើម្បីជួយឱ្យអនុប្រធានាធិបតី លោកស្រី Kamala Harris ទទួលបានជោគជ័យ។
គួរបញ្ជាក់ថា រុស្ស៉ីបានបដិសេធការពីការជ្រៀតជ្រែក ក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក៕