(កាលីហ្វ័រញ៉ា)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ កំពុងឆាបឆេះនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយបានបំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

សេវាអាកាសធាតុជាតិ បានចេញការព្រមាន «ទង់ក្រហម» ដែលជាកម្រិតព្រមានខ្ពស់បំផុត ដោយបញ្ជាក់ថា ស្ថានភាពនេះមានគ្រោះថ្នាក់ខ្លាំង។

ភ្លើងឆេះព្រៃនេះ បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត។ វាបានលេបត្របាក់ផ្ទៃដីជាង ១៤,០០០ ហិចតា នៅក្នុងខោនធី Ventura ភាគពាយព្យនៃទីក្រុង Los Angeles។ អ្នកពន្លត់អគ្គីភ័យជាង ៨០០នាក់ កំពុងតែប្រឹងប្រែងពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានបញ្ជាឱ្យមនុស្សជាង ១០,០០០នាក់ ជម្លៀសចេញពីតំបន់គ្រោះថ្នាក់។ ភ្លើងឆេះព្រៃនេះ បានបំផ្លាញផ្ទះសម្បែង និងគំរាមកំហែងដល់អគារជាច្រើនទៀត។ សាលារៀននៅក្នុងតំបន់ ត្រូវបានបិទរហូតដល់ថ្ងៃសុក្រ។

ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី Southern California Edison បានសម្រេចបិទភ្លើង ដល់អតិថិជនមួយចំនួននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆេះព្រៃ។ ភ្លើងឆេះព្រៃនេះ គឺជាផ្នែកមួយនៃរដូវភ្លើងឆេះព្រៃដ៏សាហាវ ដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិក។ ឆ្នាំនេះ ភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដី ច្រើនជាង ៨លានហិចតា នៅទូទាំងសហរដ្ឋអាមេរិក៕