(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំងអាមេរិក F-15 ជាច្រើនគ្រឿង បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដាក់ពង្រាយ កម្លាំងយោធាបន្ថែមទៅកាន់តំបន់នេះ ជាសារព្រមានទៅកាន់អ៉ីរ៉ង់។ នេះបើតាមយោធាអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី១ ខែវិច្ឆិកាថាខ្លួនកំពុងបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក យន្ដហោះចម្បាំង យន្ដហោះចាក់សាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីល និងនាវាពិឃាដបន្ថែមទៅកាន់ តំបន់មជ្ឈិមបូព៌ា។ «បើអ៉ីរ៉ង់ និងបក្ខពួក ឬក្រុម proxies របស់ពួកគេ ឆ្លៀតឱកាសនេះដើម្បីវាយប្រហារលើកងទ័ពអាមេរិក ឬផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹង ចាត់វិធានាការចាំបាច់នានាដើម្បីការពារមនុស្សរបស់យើង»។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder ដោយមិនបានបញ្ជាក់ពីចំនួនយន្ដហោះចម្បាំង F-15 ដែលទៅដល់មជ្ឈិមបូព៌ា នោះទេ។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលា ដោយកំណត់គោលដៅលើទីតាំងយោធាមួយចំនួន និងបានសម្លាប់ទាហានអ៉ីរ៉ង់យ៉ាងហោច ៤នាក់។ ការវាយប្រហារនេះត្រូវបានអ៉ីស្រាអែលអះអាងថាជាការសងសឹកទៅនឹងអ៉ីរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទីគលើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ អ៉ីរ៉ង់បានព្រមានថាខ្លួននឹងសងសឹកអ៉ីស្រាអែល វិញ៕