(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកានេះបាននិយាយថាលោកប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើដំណើរទៅកាន់ប្រទេសប៉េរូ និងប្រេស៊ីល នៅសប្ដាហ៍ក្រោយដើម្បីចូលរួមកិច្ចប្រជុំ APEC និង G20។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបញ្ជាក់ថា លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងលីម៉ា ប្រទេសប៉េរូ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា និងទៅកាន់ទីក្រុង Rio de Janeiro ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា។ លោកស្រីបន្ថែមថានៅក្នុងប្រទេសប៉េរូ លោក ស៊ី នឹងត្រូវចូលរួមកិច្ចប្រជុំ APEC លើកទី៣១ ហើយត្រូវបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ។ ចំណែក នៅប្រេស៊ីល លោកប្រធានាធិបតីចិននឹងត្រូវចូលរួមកិច្ចប្រជុំកំពូល G20។
គួរបញ្ជាក់ថា ទាំងចិន និងប្រេស៊ីល សុទ្ធតែកំពុងព្យាយាមស្វែងរកតួនាទីជាអ្នកសម្របសម្រួលបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ខណៈបដិសេធថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី៕