(ប៊ុយដាប៉ែស, ហុងគ្រី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវដល់បណ្តាមេដឹកនាំអឺរ៉ុប បន្តអនុវត្តវិធីសាស្រ្ត «រួមគ្នាជាកម្លាំងដើម្បីសន្តិភាព» ចំពោះមុខការគំរាមកំហែងបង្កឡើងដោយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ការកត់សម្គាល់របស់លោក ហ្សេលេនស្គី ធ្វើឡើងមួយថ្ងៃបន្ទាប់ពីជ័យជម្នះរបស់ លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយអាចនឹងនាំមកនូវភាពស្រពិចស្រពិល នៃគោលនយោបាយនាពេលអនាគត ជុំវិញការផ្តល់ជំនួយរបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់ទីក្រុងកៀវ។
ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលសហគមនយោបាយអឺរ៉ុប នៅទីក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «វិធីសាស្រ្តរួមគ្នាជាកម្លាំងដើម្បីសន្តិភាព ធ្លាប់បង្ហាញឱ្យឃើញជាក់ស្តែង ជាមួយនិងប្រសិទ្ធភាព ជាច្រើនដងរួចមកហើយ។ ឥឡូវ យើងត្រូវការវិធីសាស្រ្តនោះទៀត»។
លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រូវការ ការគាំទ្រយ៉ាងម៉ឺងម៉ាត់ពីមេដឹកនាំអឺរ៉ុប ហើយការលើកជាមតិយោបល់ ឱ្យផ្តល់សម្បទានដល់រុស្ស៉ី វាជារឿងមិនអាចទទួលយកបានទេ សម្រាប់អ៊ុយក្រែន៕