(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា សហរដ្ឋអាមេរិក បានប្រាប់ប្រទេសកាតាថា វត្តមានរបស់ក្រុមហាម៉ាស នៅទីក្រុង Doha គឺលែងអាចទទួលយកបានទៀតហើយ បន្ទាប់ពីក្រុមប៉ាឡេស្ទីនមួយនេះ បានបន្តបដិសេធម្តងហើយម្តងទៀត ចំពោះសំណើសំដៅឆ្ពោះទៅសម្រេចឱ្យបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
កាតា រួមជាមួយអាមេរិកនិងអេហ្ស៉ីប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចចរចាជាច្រើនជុំ ដើម្បីព្យាយាមសម្រេចឱ្យបានបទឈប់បាញ់ សម្រាប់សង្រ្គាមអូសបន្លាយរបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ ការពិភាក្សាជុំចុងក្រោយ កាលពីខែតុលាកន្លងទៅ បានបន្តទទួលបរាជ័យ ដោយហាម៉ាសបានបន្តបដិសេធ សំណើសំដៅឱ្យមានបទឈប់បាញ់រយៈពេលខ្លីមួយ។
មន្រ្តីអាមេរិកខាងលើបាននិយាយដូច្នេះថា «ក្រោយបដិសេធម្តងហើយម្តងទៀត ចំពោះសំណើដោះលែងចំណាប់ខ្មាំង ថ្នាក់ដឹកនាំរបស់ហាម៉ាស មិនគួរបន្តទទួលបានការស្វាគមន៍ នៅក្នុងប្រទេសណាមួយ ដែលជាដៃគូរបស់អាមេរិកទៀតឡើយ។ ពួកយើងបានបញ្ជាក់រឿងយ៉ាងច្បាស់ទៅកាន់កាតា ក្រោយការបដិសេធរបស់ក្រុមហាម៉ាស កាលពីប៉ុន្មានសប្តាហ៍មុន ចំពោះសំណើដោះលែងចំណាប់ខ្មាំងថ្មីចុងក្រោយបង្អស់»។
បើតាមមន្រ្តីដដែល ក្រោយមក កាតាក៏បានទាមទារកាលពី១០ថ្ងៃមុន ឱ្យថ្នាក់ដឹកនាំរបស់ហាម៉ាស ចាកចេញពីប្រទេសខ្លួន។ ដោយឡែក មន្រ្តីហាម៉ាស៣នាក់ បានអះអាងថា កាតាមិនបានប្រាប់ថ្នាក់ដឹកនាំខ្លួនថា ពួកគេលែងត្រូវបានស្វាគមន៍ នៅក្នុងប្រទេសនេះទៀតឡើយ។ រីឯអ្នកនាំពាក្យក្រសួងការបរទេសកាតា ក៏បានបដិសេធធ្វើសេចក្តីអត្ថាធិប្បាយ ជុំវិញដំណឹងនេះដែរ។ វាមិនច្បាស់នោះទេថា តើកាតាបានកំណត់កាលបរិច្ឆេទកំណត់ជាក់លាក់ ដើម្បីឱ្យក្រុមហាម៉ាស ចាកចេញពីប្រទេសខ្លួន ដែរឬយ៉ាងណា។
គួរបញ្ជាក់ថា ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក កាតាដែលជាប្រទេសអារ៉ាប់ដ៏មានឥទ្ធិពលមួយ បានទទួលស្វាគមន៍ឱ្យក្រុមហាម៉ាស តាំងមូលដ្ឋានការិយាល័យនយោបាយ ចាប់តាំងពីឆ្នាំ២០១២មក ក្រោយសង្រ្គាមស៉ីវិលផ្ទុះឡើង នៅឯប្រទេសស៉ិរី ដែលជាមូលដ្ឋានចាស់ នៃការិយាល័យនយោបាយរបស់ក្រុមនេះ៕