(ប៉េកាំង)៖ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងធ្វើដំណើរទៅកាន់ទីក្រុង Rio de Janeiro រដ្ឋធានីប្រទេសប្រេស៊ីលដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 លើកទី ១៩ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសប្រេស៊ីល សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ឆ្នើម របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នៅប្រទេសប្រេស៊ីលបានចាប់ដំណើរការនៅក្រុង Rio de Janeiro កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ។ លោកបានថ្លែងថា ឆ្នាំនេះគឺជាខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប្រេស៊ីល។ ក្រោមការដឹកនាំនិងគ្រោងផែនការពីសំណាក់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងប្រេស៊ីល ក្នុងយុគសម័យថ្មីកំពុងត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

សកម្មភាពចាក់ផ្សាយកម្មវិធីពិសេស ដែលរួមគ្នារៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានប្រេស៊ីល លើកនេះគឺជាវិធានការដ៏សកម្មមួយសម្រាប់ធ្វើឱ្យ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៃប្រទេសចិននិងប្រេស៊ីលមានភាពជិតស្និទ្ធ ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទ:ប្រជាជន ស្តីពីការកសាងចំណងមិត្តភាព រវាងចិននិងប្រេស៊ីល។ ការចាក់ផ្សាយនូវកម្មវិធីឆ្នើមរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដូចជាភាពយន្តឯកសារ រឿង «ជួបជាមួយលោក Xi Jinping»និងភាពយន្តឯកសាររឿង «ផ្លូវឆ្ពោះទៅរកភាពរុងរឿង» ជាដើមនឹងធ្វើឱ្យទស្សនិកជនប្រេស៊ីល ឈ្វេងយល់ពីបុគ្គលិកលក្ខណៈ ដ៏មានភាពទាក់ទាញរបស់ លោកប្រធានរដ្ឋចិន Xi Jinping និងចាប់អារម្មណ៍ ពីភាពរាក់ទាក់កក់ក្តៅ និងមិត្តភាពរបស់ប្រជាជនចិន ក៏ដូចជាភាពទូលំទូលាយនិងជ្រាលជ្រៅ នៃវប្បធម៌ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន