(អ៉ីស្លាម៉ាបាដ)៖​ យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស​ ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង​ទីក្រុង Quetta ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ទី៩​ វិច្ឆិកា​ ឆ្នាំ​ ២០២៤។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Mouzzam Jah Ansari អធិការនគរបាលខេត្ត​Balochistan និយាយថា គិតមកទល់ពេលនេះ​ មានមនុស្ស ២៤នាក់ស្លាប់ដោយការបំផ្ទុះនៅស្ថានីយ៍រថភ្លើង ដែលជាធម្មតាមានមនុស្សច្រេីន​ នៅពេលព្រឹក។​ វាជាការកំណត់គោលដៅ​លេីបុគ្គលិក​កងទ័ព​មក​ពី​សាលា​កងទ័ពជេីងគោក ហេីយអ្នក​របួស​ជាច្រើន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ប៉ូលិសជាន់ខ្ពស់ លោក Muhammad Baloch បាននិយាយថា ការបំផ្ទុះនេះហាក់ដូចជាគ្រាប់បែកអត្តឃាត ហើយការស៉េីបអង្កេតកំពុងដំណើរកា។ តាមអ្នកនាំពាក្យមន្ទីរពេទ្យ​ រហូតមកដល់ពេលនេះ អ្នករងរបួសចំនួន ៤៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស៉ីវិល។ កងទ័ពបំបែកខ្លួន Baloch (BLA) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ​ក្នុងសារអ៉ីម៉ែលមួយមកកាន់ Reuters។

គួរបញ្ជាក់ថា​ ប៉ាគីស្ថាន​ កំពុងប្រឈមមុខនឹងការកើនឡើង​នូវការវាយប្រហារ​ពីសំណាក់ក្រុមបំបែកខ្លួន​ ក្នុងខេត្ត Balochistan នៅភាគខាងត្បូង ក៏ដូចជាក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅភាគពាយព្យ។ ការបះបោរអាយុកាលរាប់ទសវត្សរ៍មកហេីយនេះ​ ធ្វើឱ្យខេត្ត​ Balochistan មានអស្ថិរភាព និងបង្កើតការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព​ ជុំវិញគម្រោងចូលប្រើប្រាស់ធនធានធម្មជាតិដែលមិនទាន់បានប្រើប្រាស់របស់ខេត្ត៕