(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី មើលឃើញថាមិនមានសញ្ញាណាមួយសម្រាប់ការបន្តកិច្ចសន្ទនាស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រងអាវុធ ជាមួយសហរដ្ឋអាមេរិកនៅពេលនេះទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់ពីសារព័ត៌មាន Interfax របស់រុស្ស៉ី នៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។
Interfax រាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន កំពុងឱ្យសញ្ញាទៅវិញទៅមកជុំវិញបញ្ហាអ៊ុយក្រែន តាមរយៈបណ្តាញផ្ទៃក្នុងនៅកម្រិតយោធា និងនយោបាយ។ ប៉ុន្តែគ្មានសញ្ញាណាមួយស្តីពីកិច្ចសន្ទនា ជុំវិញការគ្រប់គ្រងអាវុធទេនាពេលនេះ។
លោកថា រុស្ស៉ីត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់សំណើរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកដូណាល់ ត្រាំ ស្តីពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន តែដំណោះស្រាយសាមញ្ញមិនអាចដោះស្រាយដោយសាមញ្ញៗនោះទេ។ លោក Ryabkov ក៏បានធ្វើអត្ថាធិប្បាយពីគោលការណ៍នុយក្លេអ៊ែរ ដែលរុស្ស៉ីទេីបធ្វើបច្ចុប្បន្នភាពដែរថា វាអាចមានការងាកទៅរកជម្រើសប្រេីនុយក្លេអ៊ែរ ប្រសិនបើមានវិបត្តិស្រួចស្រាវក្នុងទំនាក់ទំនង ជាមួយលោកខាងលិច និងស្ថានភាពនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក ពូទីន ធ្លាប់ព្រមានលោកខាងលិចកាលពីខែកញ្ញាថា នៅក្រោមការផ្លាស់ប្តូរគោលការណ៍ថ្មីនេះ រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនរងនូវការវាយប្រហារដោយមីស៉ីលរយៈចម្ងាយឆ្ងាយ៕