(កៀវ)៖​ សេវាសន្តិសុខ SBU របស់អ៊ុយក្រែន​ បានប្រាប់​ Reuters នៅថ្ងៃសៅរ៍​ ទី៩​ ខែវិច្ឆិកា​នេះថា​ យន្តហោះដ្រូនអ៊ុយក្រែនបានវាយប្រហាររោងចក្រផលិតគ្រាប់រំសេវ​ នៅភាគកណ្តាលប្រទេសរុស្ស៉ី។

ការវាយប្រហារលើរោងចក្រគីមី Aleksinsky ដែលផលិតសារធាតុផ្ទុះ​ គ្រាប់រំសេវ និងអាវុធនៅក្នុងតំបន់ Tula ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងមូស្គូ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណត់គោលដៅរោងចក្រ​ សម្រាប់បម្រេីដល់សង្គ្រាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន។

មន្ត្រីអ៊ុយក្រែននិយាយថា ការវាយប្រហារលេីទីតាំងយោធា ឃ្លាំងស្តុក ព្រលានយន្តហោះក្នុងប្រទេសរុស្ស៉ី​ នឹងរំខានដល់ការដឹកជញ្ជូន ផ្គត់ផ្គង់របស់កងទ័ព​។ ក្រសួងការពារជាតិរុស្ស៉ី​ បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន​ ៥០គ្រឿងនៅក្នុងតំបន់ចំនួន ៧របស់រុស្ស៊ី​ ក្នុងរយៈពេលមួយយប់។

គួរបញ្ជាក់ថា​ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានអូសបន្លាយេលជិត​ ៣ឆ្នាំមកហេីយ​។ កងទ័ពរុស្ស៉ី​ កំពុងរីកចម្រេីនទៅមុខនៅក្នុងតំបន់ Donetsk ភាគខាងកើត។ មេបញ្ជាការអ៊ុយក្រែន​ បាននិយាយនៅថ្ងៃសៅរ៍នេះថា​ ស្ថានភាពជួរមុខមានភាពស្មុគស្មាញ​ ដោយមានការប៉ះទង្គិចគ្នាជាង ១៧០ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ភាគច្រើននៅភាគខាងកើត៕