(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានឱ្យដឹងថា លោកនឹងជួបប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស ប្រមុខអង្គការណាតូ មេដឹកនាំនៃប្រទេសអឺរ៉ុបខាងជេីង (Nordic) ក៏ដូចជាប្រទេសក្នុងតំបន់បាល់ទិក នាពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឆ្លងអាត្លង់ទិក និងសង្រ្គាមនៅអ៊ុយក្រែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។
អនាគតនៃជំនួយសម្រាប់អ៊ុយក្រែន គឺស្ថិតក្នុងចំណោមបញ្ហាចម្បងដែលសហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខក្រោយជ័យជម្នះរបស់ លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ កន្លងមកលោក ត្រាំ បានរិះគន់កញ្ចប់ជំនួយយោធាអាមេរិក សម្រាប់អ៊ុយក្រែនប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ហើយថែមទាំងបានសន្យាថានឹងបញ្ចប់សង្រ្គាមនេះ មុនពេលចូលកាន់តំណែងជាផ្លូវការ។
លោក Tusk និយាយថា មិនបាច់សង្ស័យទេអំពីទិដ្ឋភាពនយោបាយថ្មីនេះ ថាជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនៅក្នុងបរិបទនៃការបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៉ី និងប្រធានាធិបតីអាមេរិកថ្មី។ ប៉ុន្មានថ្ងៃខាងមុខទៀត យើងនឹងសម្របសម្រួលកិច្ចសហប្រតិបត្តិការស៉ីជម្រៅ ជាមួយបណ្តាប្រទេសមានទស្សនស្រដៀងគ្នាលើស្ថានភាពភូមិសាស្ត្រនយោបាយ និងឆ្លងអាត្លង់ទិកនៅអ៊ុយក្រែន។
តាមលោក Tusk ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រមុខអង្គការណាតូ លោក Mark Rutte នឹងមកធ្វើទស្សនកិច្ចនៅទីក្រុង Warsaw ហើយត្រូវជួបគ្នាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ទាំងនៅទីក្រុង Warsaw ឬនៅទីក្រុងឡុងដ៍។ លោក Tusk ក៏នឹងជួបមេដឹកនាំ Nordic និង Baltic នៅឯទីក្រុង Stockholm ប្រទេសស៊ុយអែតផងដែរ៕