(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅឯសេតវិមាន នាសប្ដាហ៍ក្រោយ បន្ទាប់ពីលោក បៃដិន សន្យាថានឹងផ្ទេរអំណាច ដោយរលូនទៅឱ្យលោក ត្រាំ ដែលលោកធ្លាប់បានផ្ដួលក្នុងការបោះឆ្នោតកាលពីជាង៤ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ ដែលមិនបានទទួលស្គាល់បរាជ័យ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយយកឈ្នះលើ លោកស្រី កាម៉ាឡា ហារីស ជាអនុប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។ ជំនួបរវាងប្រធានាធិបតីកំពុងកាន់អំណាច និងប្រធានាធិបតីជាប់ឆ្នោត គឺជាប្រពៃណីមួយរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែលោក ត្រាំ មិនបានអញ្ជើញ និងជួបជាមួយលោក បៃដិន នៅឯសេតវិមាននោះទេ បន្ទាប់ពីលោកបរាជ័យក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ដែលលោកផ្ទាល់ចោទថាមានការលួចបន្លំសន្លឹកឆ្នោត។

មិនតែប៉ុណ្ណោះ ​លោក ត្រាំ ក៏មិនបានទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិននោះដែរ។ ប៉ុន្តែនៅលើកនេះ ខាងសេតវិមានបានបញ្ជាក់ថាលោក បៃដិន នឹងទៅចូលរួមពិធីស្បថ ចូលកាន់តំណែងរបស់លោក ត្រាំ។

គួរបញ្ជាក់ថា សេតវិមាន កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ក៏បានបញ្ជាក់ដែរថាជំនួបរបស់លោក បៃដិន ជាមួយលោក ត្រាំ នឹងត្រូវធ្វើឡើងនៅឯការិយាល័យពងក្រពើនៃសេតវិមាន នៅថ្ងៃពុធ សប្ដាហ៍ក្រោយ៕