(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារជាច្រើនលើក កាលពីយប់ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា លើឃ្លាំងស្ដុកអាវុធទំនើបៗរបស់ក្រុមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយេម៉ែន។ នេះបើតាមមន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមព័ត៌មានដែល AFP ទទួលបានពីមន្ទីរបញ្ចកោណ អាវុធនៅក្នុងឃ្លាំងស្ដុកខាងលើ គឺត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើគោលដៅយោធា និងកប៉ាល់ដឹកទំនិញដែល ធ្វើដំណើរតាមផ្លូវទឹកអន្តរជាតិ ឆ្លងកាត់តាមសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ដោយឡែក ទូរទស្សន៍ Al Masirah គ្រប់គ្រងដោយក្រុមហ៊ូទីវិញ បានឱ្យដឹងថាយ៉ាងហោច មានការវាយឆ្មក់ចំនួន៣លើក ពីសំណាក់សហរដ្ឋអាមេរិក និងអង់គ្លេស ដោយកំណត់គោលដៅលើស្រុក Al Sabeen ស្ថិតនៅភាគខាងត្បូងរដ្ឋធានីសាណា។ តែមិនទាន់មាន ការបញ្ជាក់ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារជាច្រើនលើកមកហើយ លើទីតាំងរបស់ក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែមករា ឆ្នាំ២០២៤មក ជាការឆ្លើយតបទៅនឹងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ ដែលបានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden។ ក្រុមហ៊ូទីបានអះអាងថាការវាយប្រហាររបស់ខ្លួន ជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាជាទីដែលអ៉ីស្រាអែល កំពុងធ្វើសង្រ្គាមជាមួយ ក្រុមហាម៉ាស។
ចាប់ពីពេលនោះមក ក្រុមហ៊ូទីបានបើកការវាយប្រហារជាង ១០០លើក នៅតំបន់សមុទ្រក្រហម ដោយបានសម្លាប់មនុស្ស ៤នាក់ និងបាញ់ពន្លិចកប៉ាល់២គ្រឿង ខណៈរឹបអូស កប៉ាល់មួយគ្រឿង កាលពីខែវិច្ឆិកា ឆ្នាំមុន៕