(ដែនដីប៉ាឡេស្ទីន)៖ ទីភ្នាក់ងារការពារជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកានេះថាមនុស្សយ៉ាងហោច ៣០នាក់ ក្នុងនោះមានកុមារ១៣នាក់ ត្រូវបាន សម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើផ្ទះ២ខ្នង នៅឯភាគខាងជើងនៃតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទីភ្នាក់ងារការពារជនស៊ីវិល ការវាយប្រហារលើកទី១ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះបានត្រូវចំផ្ទះមួយខ្នង ក្នុងទីក្រុង Jabalia ស្ថិតភាគខាងជើងនៃតំបន់ហ្កាហ្សា ដោយសម្លាប់មនុស្ស យ៉ាងហោច ២៥នាក់ ក្នុងនោះមានកុមារ ១៣នាក់ និងមនុស្សយ៉ាងហោច ៣០នាក់ផ្សេងទៀតរងរបួស។ ទីភ្នាក់ងារនេះបន្ថែមទៀតថាការវាយប្រហារមួយផ្សេងទៀត លើតំបន់ Sabra នៃទីក្រុងហ្កាហ្សា ក៏បានសម្លាប់មនុស្ស ៥នាក់ផងដែរ ខណៈមួយចំនួនបានបាត់ខ្លួន។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងហោច ៤៣ ៥៥២នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ហើយក្នុងចំណោមពួកគេ ភាគច្រើនជាជនស៊ីវិល ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដោយសម្លាប់មនុស្ស ១២០៦នាក់៕