(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកាថាសេតវិមាននឹងចាយលុយនៅសេសសល់ជាង ៦ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយ ឱ្យអ៊ុយក្រែន នៅមុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជា​ប្រធានាធិបតីនៅខែមករាខាងមុខ ជាមួយការព្រមានពីហានិភ័យជាសកល បើសហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រទីក្រុងកៀវ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Sullivan នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃដិន ត្រូវបានរំពឹងថានឹងពិភាក្សាពីបញ្ហាគោលនយោបាយការបទេសធំៗ នៅពេលលោកជួបប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ នៅឯការិយាល័យពងក្រពើ។ បើតាមលោក Sullivan លោកប្រធានាធិបតី ចូ បៃដិន ក៏មានផែនការបញ្ចុះបញ្ចូលឱ្យលោក ត្រាំ កុំបោះបង់ចោលទីក្រុងកៀវផងដែរ ហើយគោលដៅចម្បងរបស់រដ្ឋបាល លោក បៃដិន នោះគឺក្នុងរយៈពេលប៉ុន្មានខែនៅសេសសល់ ត្រូវធ្វើយ៉ាងណាឱ្យអ៊ុយក្រែនស្ថិតនៅទីតាំងមួយដ៏រឹងមាំនៅលើ សមរភូមិ ដើម្បីអាចមានជំហររឹងមាំនៅឯតុចរចាជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា លោក ចូ បៃដិន បានដឹកនាំបណ្ដាប្រទេសលោកខាងលិច ក្នុងការផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ ប៉ុន្តែ លោក ត្រាំ បានរិះគន់ជារឿយៗចំពោះ ទំហំជំនួយយោធាដែលរដ្ឋបាលលោក បៃដិន បញ្ជូនទៅឱ្យអ៊ុយក្រែន។ លោកក៏បានសន្យាដែរថានឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នៅពេលឡើងកាន់តំណែងជា ប្រធានាធិបតី ដោយមិនបានបង្ហើបពីផែនការ ឬក៏ថាតើលោកនឹងបញ្ចប់សង្រ្គាមដោយវិធីណានោះទេ។ លោក ពូទីន វិញបានស្នើឱ្យអ៊ុយក្រែនកាត់ទឹកដីដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់ទៅឱ្យទីក្រុងមូស្គូ ជាលក្ខខណ្ឌឆ្ពោះទៅរកកិច្ចចរចា។ តែទីក្រុងកៀវបានបដិសេធថាខ្លួនមិនអាចបោះបង់ចោលទឹកដីឡើយ៕