(អាំស្ទែដាំ)៖ ប៉ូលិសហូឡង់ បាននាំខ្លួនក្រុមគាំទ្រប៉ាឡេស្ទីនជាង ៣០០នាក់ដែលមិនអើពើនឹងបម្រាមធ្វើបាតុកម្ម នៅក្នុងទីក្រុង Amsterdam កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយបានឃុំខ្លួនមនុស្សចំនួន ៥០នាក់ បន្ទាប់ពីការប៉ះទង្គិចគ្នាទាក់ទងនឹង អ្នកគាំទ្របាល់ទាត់អ៉ីស្រាអែល កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្រុមអ្នកតវ៉ារាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីលាន Dam Square រដ្ឋធានី Amsterdam ហើយស្រែកថា «Free Palestine» និងចង់ឱ្យហូឡង់ និយាយថាទេចំពោះអំពើប្រល័យពូជសាសន៍ ដោយយោងទៅលើសង្រ្គាមនៅហ្កាហ្សា។ ប៉ូលិសនិយាយថា ពួកគេបាននាំខ្លួនមនុស្ស ៣៤០នាក់ចេញពីកន្លែងតវ៉ា ដោយឱ្យពួកគេឡើងរថយន្តក្រុង ហើយដឹកយកទៅទម្លាក់នៅឯជាយក្រុង។ ចំណែកបាតុករ ៥០នាក់ទៀតត្រូវប៉ូលិសចាប់ខ្លួន។ បាតុករម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែមានរបួស។
ការហាមប្រាមដែលអាជ្ញាធរពន្យារពេលរហូតដល់ថ្ងៃព្រហស្បតិ៍នេះ ត្រូវបានដាក់ចេញតាំងពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីមានការវាយប្រហារលើអ្នកគាំទ្របាល់ទាត់ ដែលទៅមើលការប្រកួតរវាងក្រុម Maccabi Tel Aviv របស់អ៉ីស្រាអែល ជាមួយក្រុម Ajax Amsterdam របស់ហូឡង់។ យ៉ាងហោចណាស់មនុស្ស ៥នាក់រងរបួសនៅក្នុងការវាយប្រហារ ដែលអាជ្ញាធរហូឡង់ និងមេដឹកនាំបរទេស រួមទាំងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ចាត់ទុកថាជាសកម្មភាពប្រឆាំងសាសនា។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន មាន ៤នាក់ជាប់សង្ស័យថាបានប្រព្រឹត្តអំពើហិង្សា រួមទាំងអនីតិជន ២នាក់។ មនុស្ស ៤០នាក់ត្រូវបានផាកពិន័យ សម្រាប់ការរំខានជាសាធារណៈ និង ១០នាក់ទៀតសម្រាប់ការល្មើសច្បាប់ រួមទាំងការបំផ្លិចបំផ្លាញ៕